១៣
អាំណូន និងព្រះនាងតាម៉ារ
១ ក្រោយនោះមក កើតមានរឿងដូច្នេះ គឺអាប់សាឡំមបុត្រាដាវីឌមានកនិដ្ឋា ១មានរូបស្រស់បស់ល្អនាមនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះទ័យប្រតិព័ទ្ធស្រឡាញ់
២ អាំណូនមានសេចក្តីរំជួលស្រឡាញ់នាងតាម៉ារជាកនិដ្ឋាដល់ម៉្លេះ បានជាទ្រង់ទៅជាប្រឈួន ទ្រង់នឹកឃើញថា ពីបាកនឹងធ្វើអ្វីដល់នាងណាស់ ដោយព្រោះនាងនៅបរិសុទ្ធ
៣ តែអាំណូនមានពួកម៉ាកម្នាក់ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ដាវីឌ ជាមនុស្សឆ្លៀវឆ្លាតណាស់
៤ អ្នកនោះសួរថា ហេតុអ្វីបានជាឯង ដែលជាកូនស្តេច នៅតែស្គាំងស្គមរាល់តែថ្ងៃដូច្នេះ សូមប្រាប់ឲ្យអញដឹងផង នោះអាំណូនប្រាប់ថា អញមានចិត្តស្រឡាញ់ដល់នាងតាម៉ារ ជាប្អូនអាប់សាឡំម បងអញណាស់
៥ រួចយ៉ូណាដាបប្រាប់ថា ដូច្នេះ ចូរឯងដេកនៅលើគ្រែក្លែងធ្វើជាឈឺទៅ បើកាលណាបិតាឯងមកសួរ នោះចូរទូលថា សូមបិតាអនុញ្ញាតឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មករៀបអាហារនៅមុខទូលបង្គំ ឲ្យទូលបង្គំបានឃើញ ហើយបានទទួល ពីដៃនាងមកបរិភោគបន្តិច
៦ ដូច្នេះ អាំណូនក៏ដេកទៅ ហើយក្លែងធ្វើជាប្រឈួន លុះកាលស្តេចបានយាងមកសួរ នោះអាំណូនទូលថា សូមបិតាអនុញ្ញាត ឲ្យនាងតាម៉ារ ជាកនិដ្ឋាទូលបង្គំ មកធ្វើនំ២នៅមុខទូលបង្គំ ដើម្បីឲ្យទូលបង្គំបានទទួលពីដៃនាង មកបរិភោគ។
៧ នោះដាវីឌក៏ចាត់គេឲ្យទៅឯដំណាក់ ប្រាប់នាងតាម៉ារថា ចូរឯងទៅឯដំណាក់អាំណូនជេដ្ឋាឯង ហើយធ្វើនំឲ្យវាចុះ
៨ ដូច្នេះ នាងតាម៉ារក៏ទៅដល់ដំណាក់អាំណូនជាជេដ្ឋាខ្លួន កំពុងដែលទ្រង់ផ្ទំ នាងក៏យកម្សៅ មកច្របាច់ធ្វើនំ ហើយដុតនៅចំពោះទ្រង់
៩ រួចលើកខ្ទះចាក់នំនោះនៅចំពោះទ្រង់ តែទ្រង់មិនព្រមបរិភោគទេ ហើយបង្គាប់ថា ចូរឲ្យមនុស្សទាំងអស់ចេញពីអញទៅ គេក៏ចេញទាំងអស់គ្នា
១០ រួចអាំណូនប្រាប់ទៅនាងតាម៉ារថា សូមនាំយកនំមកក្នុងបន្ទប់ឯណេះ ដើម្បីអញនឹងបរិភោគពីដៃឯង នាងក៏នាំយកនំដែលធ្វើនោះ ទៅឯអាំណូន ជាជេដ្ឋា នៅក្នុងបន្ទប់
១១ កាលនាងទៅជិត ដើម្បីថ្វាយនំទៅឲ្យសោយ នោះទ្រង់ក៏ចាប់នាងដោយពាក្យថា ប្អូនអើយ ចូរមកដេកនឹងអញចុះ
១២ តែនាងប្រកែកថា ទេ បងអើយ សូមកុំបន្ទាបខ្ញុំឡើយ ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលណាស់ សូមកុំធ្វើការអាក្រក់នេះឲ្យសោះ
១៣ ឯខ្ញុំម្ចាស់ តើនឹងយកសេចក្តីខ្មាសទៅទុកឯណា ហើយចំណែកឯបង នោះគេនឹងរាប់បង ទុកជាមនុស្សងងឹតល្ងើក្នុងសាសន៍អ៊ីស្រាអែលដែរ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក និងឲ្យខ្ញុំម្ចាស់ដល់បងទេ
១៤ ប៉ុន្តែ អាំណូនមិនព្រមស្តាប់នាងឡើយ គឺបានចាប់បង្ខំដេកនឹងនាងទៅ ដោយទ្រង់មានកំឡាំងច្រើនជាង។
១៥ រួចមកអាំណូនមានព្រះទ័យណាយ ស្អប់ដល់នាងជាខ្លាំងក្រៃលែង ដល់ម៉្លេះបានជាសេចក្តីស្អប់ខ្ពើម ដែលទ្រង់មានដល់នាង នោះខ្លាំងលើសជាងសេចក្តីស្រឡាញ់ដែលទ្រង់បានមានដល់នាងទៅទៀត ហើយទ្រង់បណ្តេញនាងថា ចូរក្រោកឡើងទៅឲ្យបាត់ទៅ
១៦ នោះនាងឆ្លើយថា កុំឡើយ ដ្បិតការកំហុសដែលបណ្តេញខ្ញុំម្ចាស់នេះនោះអាក្រក់ជាងការ ដែលបានធ្វើហើយ ដល់ខ្ញុំម្ចាស់ទៅទៀត តែទ្រង់មិនព្រមស្តាប់តាមនាងឡើយ
១៧ ក៏ហៅអ្នកដែលតែងបំរើទ្រង់មកប្រាប់ថា ចូរយកស្រីនេះចេញទៅ រួចបិទទ្វារដាក់រនុកផង
១៨ ដូច្នេះ អ្នកបំរើក៏នាំនាងទៅក្រៅ រួចបិទទ្វារ ឯនាងតាម៉ារ ទ្រង់ព្រះភូសាពណ៌ផ្សេងៗ ដ្បិតពួកបុត្រីស្តេច ដែលនៅក្រមុំធ្លាប់តែងអង្គយ៉ាងនោះ
១៩ រួចនាងយកផេះមកដាក់លើព្រះសិរ ក៏ហែកព្រះភូសា ហើយយកព្រះហស្តដាក់លើព្រះសិរ យាងទៅទាំងទ្រង់ព្រះកន្សែងជាខ្លាំង។
២០ អាប់សាឡំមជាជេដ្ឋាក៏សួរថា តើអាំណូនបងឯងបាននៅជាមួយ និងឯងឬអី ប្អូនអើយ ចូរនៅស្ងៀមសិនចុះ ដ្បិតជាបងឯងទេ កុំឲ្យមានចិត្តព្រួយនឹងការនេះពេកឡើយ នោះនាងក៏នៅតែឯងក្នុងដំណាក់អាប់សាឡំម ជាជេដ្ឋា
២១ កាលស្តេចដាវីឌបានឮនិយាយពីរឿងទាំងនោះ ទ្រង់មានសេចក្តីពិរោធជាខ្លាំង
២២ តែអាប់សាឡំមមិនបានមានព្រះបន្ទូលអ្វីនឹងអាំណូន ទោះល្អឬអាក្រក់ក្តី ដ្បិតទ្រង់ស្អប់អាំណូន ដោយព្រោះបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាទ្រង់។
អាប់សាឡំមធ្វើគុតអាំណូន
២៣ ក្រោយ២ឆ្នាំមក មានពួកជាងមកកាត់រោមចៀមរបស់អាប់សាឡំម នៅត្រង់បាល-ហាសោរ ដែលនៅជិតដែនអេប្រាអិម ហើយអាប់សាឡំមក៏អញ្ជើញពួកបុត្រាស្តេចទាំងអស់មក
២៤ ទ្រង់ចូលទៅគាល់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំជាអ្នកបំរើនៃទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបំរើទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយនឹងទូលបង្គំ
២៥ តែស្តេចទ្រង់មានព្រះបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ
២៦ នោះអាប់សាឡំមទូលថា បើទ្រង់មិនយាងទៅទេ នោះសូមឲ្យតែអាំណូនជាជេដ្ឋាទូលបង្គំទៅជាមួយចុះ តែស្តេចមានព្រះបន្ទូលសួរថា ចង់ឲ្យវាទៅជាមួយនឹងឯងធ្វើអី
២៧ ប៉ុន្តែ ដោយអាប់សាឡំមចេះតែបង្ខំទ្រង់ បានជាទ្រង់ក៏អនុញ្ញាតឲ្យអាំណូន ហើយនឹងពួកបុត្រាទ្រង់ទាំងអស់ ទៅជាមួយ
២៨ រីឯអាប់សាឡំមបានបង្គាប់ដល់ពួកអ្នកបំរើទ្រង់ថា ចូរឯងឃ្លាំមើលកាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយអញប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសំឡាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺអញហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ
២៩ ពួកអ្នកបំរើរបស់អាប់សាឡំម ក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
៣០ កាលបុត្រាស្តេចទាំងនោះ កំពុងតែយាងមកតាមផ្លូវ នោះដំណឹងក៏ឮទៅដល់ដាវីឌថា អាប់សាឡំមបានសំឡាប់បុត្រទ្រង់ព្រះករុណាទាំងអស់ហើយ គ្មានសល់១ឡើយ
៣១ នោះស្តេចទ្រង់ក៏ក្រោកឡើងហែកព្រះពស្ត្រ រួចផ្ទំនៅដី ឯពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ក៏ឈរនៅជិតទាំងមានអាវរហែកដែរ
៣២ តែយ៉ូណាដាប ជាបុត្រាសាំម៉ាជេដ្ឋាដាវីឌ ទូលឡើងថា បពិត្រព្រះករុណា សូមទ្រង់កុំមានព្រះទ័យស្មានថា គេបានធ្វើគុតពួកព្រះរាជបុត្រទាំងអស់នៃព្រះករុណាឡើយ សុគតតែអាំណូនប៉ុណ្ណោះទេ ដ្បិតការនោះបានគិតជាស្រេច តាមបង្គាប់នៃអាប់សាឡំម តាំងពីថ្ងៃដែលអាំណូនបានបង្ខូចនាងតាម៉ារ ជាកនិដ្ឋាមក
៣៣ ដូច្នេះ សូមកុំឲ្យទ្រង់ព្រះករុណា ជាម្ចាស់នៃទូលបង្គំមានព្រះទ័យព្រួយពេក ដោយស្មានថា ពួកព្រះរាជបុត្រាបានសុគតទាំងអស់នោះឡើយ ដ្បិតសុគតតែអាំណូនប៉ុណ្ណោះទេ ឯអាប់សាឡំមទ្រង់រត់បាត់ទៅ។
៣៤ រីឯទាហានដែលចាំយាម គេបានងើបភ្នែកឡើងមើលទៅឃើញមានមនុស្សជាច្រើន មកតាមផ្លូវចង្កេះភ្នំខាងក្រោយខ្លួន
៣៥ នោះយ៉ូណាដាបទូលទៅស្តេចថា នុ៎ះន៏ ពួកបុត្រានៃព្រះករុណាមកហើយ ដូចជាទូលបង្គំជាអ្នកបំរើទ្រង់បានទូលទុក
៣៦ កាលទូលដូច្នោះរួចជាស្រេច នោះពួកបុត្រាស្តេចក៏មកដល់ ហើយឡើងសំឡេងទ្រង់ព្រះកន្សែង ឯស្តេចទ្រង់ព្រះកន្សែងដែរ ព្រមទាំងពួកមហាតលិក ក៏យំទាំងអស់គ្នាយ៉ាងខ្លាំងក្រៃលែង។
៣៧ តែអាប់សាឡំមទ្រង់រត់ទៅឯតាលម៉ាយ ជាបុត្រាអាំមីហ៊ូត ស្តេចស្រុកកេស៊ូរី។ ឯដាវីឌទ្រង់សោយសោកនឹងបុត្រជារាល់ថ្ងៃ
៣៨ អាប់សាឡំមបានរត់ទៅនៅឯស្រុកកេស៊ូរីនោះអស់៣ឆ្នាំ
៣៩ ហើយស្តេចដាវីឌទ្រង់មានព្រះទ័យរឭកចង់ទៅឯអាប់សាឡំម ដោយព្រោះបានក្សាន្តព្រះទ័យពីដំណើរអាំណូន ដែលសុគតនោះហើយ។