១៤
អាប់សាឡំមត្រឡប់មកក្រុងយេរូសាឡិមវិញ
១ រីឯយ៉ូអាប់ ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះទ័យនឹករឭកដល់អាប់សាឡំម
២ នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា សូមឲ្យអ្នកក្លែងខ្លួន ធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
៣ រួចចូលទៅគាល់ស្តេចទូលយ៉ាងដូច្នេះ នោះយ៉ូអាប់ក៏បង្គាប់ពាក្យឲ្យនិយាយ។
៤ កាលស្ត្រីពីក្រុងត្កូអានោះ បានចូលទៅចំពោះស្តេចក៏ទំលាក់ខ្លួន ក្រាបចុះផ្កាប់មុខដល់ដី ថ្វាយបង្គំ ទូលថា បពិត្រព្រះករុណា សូមទ្រង់ជួយខ្ញុំម្ចាស់ផង
៥ នោះស្តេចទ្រង់សួរថា តើវាថ្វី នាងទូលឆ្លើយថា ឱហ្ន៎ព្រះអង្គអើយ ខ្ញុំម្ចាស់នេះជាស្រីមេម៉ាយ ប្តីបានស្លាប់ចោលទៅហើយ
៦ ហើយខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ មានកូនប្រុស២ វាឈ្លោះគ្នានៅឯចំការ ឥតមានអ្នកណានឹងញែកចេញពីគ្នាហើយ ហើយ១បានវាយ១ស្លាប់ទៅ
៧ ឥឡូវនេះ ញាតិសន្តានទាំងអស់បានលើកគ្នា មកទាស់នឹងខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ដោយថា ចូរប្រគល់អា១ដែលសំឡាប់បងខ្លួនមកឲ្យយើងសំឡាប់ចោល ឲ្យធួននឹងជីវិតរបស់បង ដែលវាបានសំឡាប់ចុះ យើងនឹងសំឡាប់ ទាំងអ្នកដែលត្រូវស៊ីមរដកនេះទៅផង ដូច្នេះ គេនឹងពន្លត់រងើកភ្លើងរបស់ខ្ញុំម្ចាស់ដែលនៅសល់នេះ ឥតទុកឲ្យប្តីខ្ញុំម្ចាស់មានឈ្មោះមានពូជពង្សសល់នៅលើផែនដីឡើយ។
៨ ស្តេចទ្រង់មានព្រះបន្ទូលទៅស្ត្រីនោះថា ចូរទៅផ្ទះចុះ យើងនឹងបង្គាប់ពីដំណើរនាង
៩ នោះស្ត្រីពីក្រុងត្កូអា នាងទូលថា ឱទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យសេចក្តីទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ
១០ ស្តេចទ្រង់មានព្រះបន្ទូលថា បើអ្នកណានិយាយអ្វីនឹងនាង នោះចូរនាំគេមកឯយើង យ៉ាងនោះគេនឹងមិនហ៊ានពាល់នាងទៀតទេ
១១ រួចនាងទូលថា សូមទ្រង់ព្រះករុណានឹកចាំពីព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដើម្បីកុំឲ្យអ្នកដែលសងសឹក និងឈាម មកបំផ្លាញទៀតឡើយ ក្រែងគេសំឡាប់កូនរបស់ខ្ញុំម្ចាស់ នោះទ្រង់មានព្រះបន្ទូលថា យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា នឹងគ្មានសក់១សរសៃជ្រុះពីក្បាលរបស់កូននាងចុះដល់ដីឡើយ។
១២ ស្ត្រីនោះក៏ទូលថា សូមទ្រង់ព្រះករុណាអនុញ្ញាតឲ្យខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានទូល១ម៉ាត់សិន រួចទ្រង់មានព្រះបន្ទូលថា ចូរនិយាយចុះ
១៣ ដូច្នេះ ស្ត្រីនោះក៏ទូលសួរថា បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងរាស្ត្ររបស់ព្រះវិញ ដ្បិតដែលទ្រង់មានព្រះបន្ទូលដូច្នេះ នោះទ្រង់ក៏ដូចជាអ្នកមានទោសដែរ ដោយព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ
១៤ ឯយើងរាល់គ្នាត្រូវតែស្លាប់ជាមិនខាន ហើយយើងរាល់គ្នាក៏ដូចជាទឹកដែលកំពប់ខ្ចាយទៅលើដី និងប្រមូលមកវិញមិនបានឡើយ ឯព្រះទ្រង់មិនកាត់ជីវិតចេញទេ គឺទ្រង់បង្កើតផ្លូវណាមួយ ដើម្បីឲ្យអ្នកដែលត្រូវនិរទេស មិនត្រូវកាត់ចេញពីទ្រង់នៅជាដរាបវិញ
១៥ ឥឡូវនេះ ដែលខ្ញុំម្ចាស់មកក្រាបទូលពាក្យទាំងនេះ ដល់ព្រះករុណា ជាព្រះអម្ចាស់ នោះគឺពីព្រោះបណ្តាជនបានធ្វើឲ្យខ្ញុំម្ចាស់ភិតភ័យដូច្នេះ ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បានសំរេចនឹងមកទូលដល់ព្រះករុណា ដោយស្មានថា ប្រាកដជាទ្រង់នឹងធ្វើសំរេចតាមពាក្យសំណូមរបស់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ ជាមិនខាន
១៦ ដ្បិតមុខជាទ្រង់នឹងស្តាប់តាម ដើម្បីនឹងប្រោសឲ្យអ្នកបំរើទ្រង់រួចពីកណ្តាប់ដៃនៃមនុស្ស ដែលចង់បំផ្លាញទាំងខ្ញុំម្ចាស់ និងកូនខ្ញុំម្ចាស់ឲ្យបាត់ពីមរដកនៃព្រះទៅផង
១៧ នោះខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ បាននឹកថា ព្រះបន្ទូលនៃព្រះករុណាជាព្រះអម្ចាស់នឹងបានស្រួល ពីព្រោះទ្រង់ព្រះករុណាជាព្រះអម្ចាស់ ទ្រង់ដូចជាទេវតានៃព្រះហើយ ដើម្បីនឹងពិចារណាឲ្យជ្រាបខុសត្រូវ ហើយព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏គង់ជាមួយនឹងទ្រង់ដែរ។
១៨ នោះស្តេចទ្រង់មានព្រះបន្ទូលនឹងស្ត្រីនោះថា កុំឲ្យលាក់អ្វីចំពោះសេចក្តីនេះដែលយើងសួរនាងឡើយ នាងទូលតបថា សូមទ្រង់ព្រះករុណា ជាព្រះអម្ចាស់ មានព្រះបន្ទូលឥឡូវនេះចុះ
១៩ នោះស្តេចមានព្រះបន្ទូលសួរថា ឯសេចក្តីទាំងនេះ តើមិនមែនយ៉ូអាប់ ដែលរួចគំនិតជាមួយនឹងនាងទេឬអី ស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់ស្បថដោយនូវព្រះជន្មនៃទ្រង់ព្រះករុណាជាព្រះអម្ចាស់ថា គ្មានអ្នកណាអាចនឹងគេចទៅខាងឆ្វេង ឬទៅខាងស្តាំ ចេញពីគ្រប់ទាំងសេចក្តីដែលទ្រង់ព្រះករុណា ជាព្រះអម្ចាស់ បានមានព្រះបន្ទូលនោះឡើយ គឺយ៉ូអាប់ ជាអ្នកបំរើនៃទ្រង់ហើយ ដែលបានបង្គាប់មកខ្ញុំម្ចាស់ ព្រមទាំងបញ្ចេះពាក្យទាំងអស់នេះដល់ខ្ញុំម្ចាស់ ជាអ្នកបំរើទ្រង់ផង
២០ យ៉ូអាប់ជាអ្នកបំរើទ្រង់ បានធ្វើដូច្នេះ ដើម្បីនឹងបំផ្លាស់ភាពនៃដំណើរនេះទៅ ហើយព្រះអម្ចាស់ទ្រង់មានបញ្ញា ដូចជាទេវតានៃព្រះ អាចនឹងជ្រាបគ្រប់ទាំងអស់ ដែលនៅផែនដីបាន។
២១ រួចពីនោះមក ស្តេចទ្រង់មានព្រះបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះ ចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
២២ នោះយ៉ូអាប់ក៏ទំលាក់ខ្លួនក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំ ជាបាវបំរើទ្រង់ បានប្រកបដោយព្រះគុណនៃទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្តីសំណូមរបស់ទូលបង្គំ ជាបាវបំរើទ្រង់
២៣ ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡំមមកឯក្រុងយេរូសាឡិមវិញ
២៤ តែស្តេចមានព្រះបន្ទូលប្រាប់ថា ចូរឲ្យវាត្រឡប់ទៅឯលំនៅវាទៅ កុំឲ្យមកឃើញមុខអញឡើយ ដូច្នេះ អាប់សាឡំមក៏វិលទៅឯដំណាក់ទ្រង់វិញ ឥតបានឃើញព្រះភក្ត្រស្តេចទេ។
ស្តេចដាវីឌលើកលែងទោសអាប់សាឡំម
២៥ រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
២៦ រីឯព្រះកេសា លុះដល់ចុងឆ្នាំទ្រង់ក៏កាត់ចេញ ពីព្រោះធ្ងន់ណាស់ដល់ទ្រង់ ហេតុនោះបានជារាល់តែឆ្នាំ ទ្រង់តែងកាត់ចេញ ហើយតាមដំឡឹងហ្លួង ឃើញមានទំងន់២០០ដំឡឹង
២៧ អាប់សាឡំមបង្កើតបានបុត្រា៣អង្គ និងបុត្រី១អង្គ នាមនាងតាម៉ារ នាងនោះជាស្ត្រីមានរូបល្អស្រស់។
២៨ អាប់សាឡំម ទ្រង់គង់នៅក្រុងយេរូសាឡិម ពេញ២ឆ្នាំ ឥតដែលឃើញព្រះភក្ត្រស្តេចឡើយ
២៩ រួចមកទ្រង់ចាត់គេឲ្យទៅហៅយ៉ូអាប់មក ដើម្បីឲ្យលោកទៅគាល់ស្តេច តែលោកមិនព្រមមកទេ ទ្រង់ក៏ចាត់គេទៅម្តងទៀត តែលោកមិនព្រមមកសោះឡើយ
៣០ ហេតុនោះបានជាអាប់សាឡំមបង្គាប់ដល់ពួកបាវបំរើទ្រង់ថា មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ ពួកបាវបំរើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
៣១ ដូច្នេះ យ៉ូអាប់ក៏ក្រោកឡើង ចូលទៅឯអាប់សាឡំម នៅក្នុងលំនៅទ្រង់ សួរថា ហេតុអ្វីបានជាបាវរបស់ទ្រង់បានដុតស្រែរបស់ទូលបង្គំដូច្នេះ
៣២ អាប់សាឡំមទ្រង់ឆ្លើយថា មើល យើងបានចាត់គេឲ្យទៅហៅអ្នកមក ដើម្បីឲ្យអ្នកទៅទូលសួរស្តេចថា ដែលទូលបង្គំមកពីស្រុកកេស៊ូរី នោះតើមានប្រយោជន៍អ្វី ស៊ូឲ្យទូលបង្គំបាននៅទីនោះល្អជាង ដូច្នេះ ឲ្យយើងទៅគាល់ស្តេចឥឡូវ បើយើងមានទោសខុសអ្វី នោះសូមឲ្យទ្រង់សំឡាប់យើងខ្ញុំ
៣៣ យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡំមមក នោះទ្រង់ក៏ចូលទៅគាល់ស្តេច ឱនព្រះអង្គក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្តេចទ្រង់ក៏ថើបអាប់សាឡំម។