៤១
១ បន្ទាប់មក លោកនាំខ្ញុំចូលទៅក្នុងទីសក្ការៈ លោកវាស់សសរម្ខាងៗមានទទឹងប្រាំមួយហត្ថ ស្មើនឹងទទឹងរបស់ព្រះពន្លា*។
២ ក្របទ្វារមានទទឹងដប់ហត្ថ រីឯទ្វារវិញម្ខាងៗមានទទឹងប្រាំហត្ថ។ លោកវាស់ទីសក្ការៈមានបណ្ដោយសែសិបហត្ថ ហើយទទឹងម្ភៃហត្ថ។
៣ បន្ទាប់មក លោកចូលទៅខាងក្នុងវាស់សសរមាត់ទ្វារ ឃើញមានកំរាស់ពីរហត្ថ រីឯទ្វារកំរាស់ប្រាំមួយហត្ថ ទទឹងប្រាំពីរហត្ថ។
៤ លោកវាស់ផ្នែកខាងក្នុងទីសក្ការៈ មានបណ្ដោយម្ភៃហត្ថ ទទឹងម្ភៃហត្ថ រួចលោកប្រាប់ខ្ញុំថា នេះជាទីសក្ការៈបំផុត។
៥ លោកវាស់ជញ្ជាំងខណ្ឌព្រះដំណាក់ ឃើញមានកំរាស់ប្រាំមួយហត្ថ។ រីឯបន្ទប់អមជុំវិញព្រះដំណាក់មានទទឹងបួនហត្ថ។
៦ បន្ទប់អមជុំវិញទាំងនោះមានបីជាន់ ក្នុងមួយជាន់មានសាមសិបបន្ទប់។ បន្ទប់នីមួយៗស្ថិតនៅតាមជញ្ជាំងខាងក្រៅដែលព័ទ្ធជុំវិញព្រះដំណាក់ គឺមិននៅតាមជញ្ជាំងទីសក្ការៈទេ។
៧ បន្ទប់ជាន់ខាងលើទូលាយជាងបន្ទប់នៅជាន់ក្រោម ព្រោះផ្នែកខាងលើ កំរាស់ជញ្ជាំងដែលព័ទ្ធជុំវិញព្រះវិហារតូចជាងកំរាស់ផ្នែកខាងក្រោម។ ហេតុនេះហើយបានជាកាលណាគេឡើងទៅខាងលើកាន់តែខ្ពស់ នោះកាន់តែមានកន្លែងទូលាយជាង។ គេអាចឡើងពីជាន់ក្រោមទៅជាន់កណ្ដាល រួចទៅជាន់ខាងលើ។
៨ ខ្ញុំសង្កេតមើលជុំវិញព្រះដំណាក់ ឃើញថាបន្ទប់ដែលនៅអមតាមជញ្ជាំងមានកំពស់ពេញមួយឈើរង្វាស់ គឺប្រាំមួយហត្ថ។
៩ ជញ្ជាំងដែលនៅខាងក្រៅបន្ទប់អមមានកំរាស់ប្រាំហត្ថ។ រីឯធ្លានៅចន្លោះបន្ទប់អមដែលនៅជាប់នឹងជញ្ជាំង
១០ និងបន្ទប់ដែលនៅជុំវិញទីសក្ការៈមានប្រវែងម្ភៃហត្ថ។
១១ បន្ទប់អមទាំងនោះមានច្រកចេញចូលតាមធ្លា ច្រកមួយនៅខាងជើង ច្រកមួយទៀតនៅខាងត្បូង។ ធ្លានោះមានជ្រុងនីមួយៗប្រវែងប្រាំហត្ថ។
១២ នៅខាងលិច មានអាគារមួយនៅជាប់នឹងធ្លាធំ មានទទឹងចិតសិបហត្ថ បណ្ដោយកៅសិបហត្ថ រីឯជញ្ជាំងមានកំរាស់ប្រាំហត្ថ។
១៣ បុរសនោះវាស់ព្រះដំណាក់ ឃើញមានបណ្ដោយមួយរយហត្ថ។ ចំណែកឯធ្លាធំ អាគារ និងជញ្ជាំងក៏មានបណ្ដោយមួយរយហត្ថដែរ។
១៤ ជញ្ជាំងខាងមុខព្រះដំណាក់ និងធ្លាធំដែលនៅខាងកើតមានប្រវែងមួយរយហត្ថ។
១៥ បុរសនោះបានវាស់បណ្ដោយរបស់អាគារ ដែលស្ថិតនៅខាងក្រោយព្រះដំណាក់ រួមទាំងថែវនៅសងខាងផង ឃើញមានប្រវែងមួយរយហត្ថ។ ទីសក្ការៈ បន្ទប់ល្វែងនៅទីលានខាងក្នុង
១៦ ក្របទ្វារ បង្អួចចម្រឹងដែកថែវតាមជាន់ទាំងបីនៅទល់មុខនឹងក្របទ្វារ សុទ្ធតែមានបន្ទះឈើពាសជុំវិញ គឺចាប់ពីក្រោមរហូតដល់បង្អួច ហើយបង្អួចក៏មានពាសឈើដែរ។
១៧ ចាប់ពីលើទ្វាររហូតដល់ក្នុងទីសក្ការៈ*មានក្បាច់លំអទាំងខាងក្រៅទាំងខាងក្នុង
១៨ គឺក្បាច់ចេរូប៊ីន និងក្បាច់ដើមចាក។ រូបដើមចាកមួយ រូបចេរូប៊ីន*ពីរនៅឆ្លាស់គ្នា។
១៩ ចេរូប៊ីននីមួយៗមានមុខពីរ មុខមនុស្សបែរទៅរកដើមចាកម្ខាង មុខសិង្ហបែរទៅរកដើមចាកម្ខាងទៀត ជាបន្តបន្ទាប់គ្នាព័ទ្ធជុំវិញព្រះដំណាក់។
២០ ក្បាច់ចេរូប៊ីន និងដើមចាកនេះ មានឆ្លាក់ពាសពេញជញ្ជាំងព្រះវិហារ ចាប់តាំងពីក្រោមរហូតដល់ខាងលើទ្វារ។
២១ ប្រអប់ទ្វារព្រះវិហារ មានរាងបួនជ្រុង។ នៅខាងមុខទីសក្ការៈបំផុត
២២ មានអាសនៈធ្វើអំពីឈើ កំពស់បីហត្ថ និងបណ្ដោយពីរហត្ថ ជ្រុង និងគែមក៏ធ្វើពីឈើដែរ។ បុរសនោះពោលមកខ្ញុំថា៖ «នេះជាតុតម្កល់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់»។
២៣ ទីសក្ការៈ និងទីសក្ការៈបំផុតមានច្រកចូលពីរ។
២៤ ច្រកនីមួយៗមានសន្លឹកទ្វារពីរដែលអាចបិទបើកបាន។
២៥ នៅលើទ្វារទីសក្ការៈមានឆ្លាក់ក្បាច់ចេរូប៊ីន និងដើមចាក ដូចនៅតាមជញ្ជាំងដែរ។ នៅខាងមុខបន្ទប់ល្វែងដែលនៅខាងក្រៅមានបាំងសាចធ្វើពីឈើ។
២៦ នៅតាមបន្ទប់ល្វែង និងបន្ទប់អមជញ្ជាំងព្រះដំណាក់ ព្រមទាំងបាំងសាច មានបង្អួចចម្រឹងដែក និងក្បាច់ដើមចាកទាំងសងខាង។