៤២
បន្ទប់អមព្រះវិហារ
១ បន្ទាប់មក លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយព្រះវិហារ។
២ អាគារដែលមានទ្វារនៅទិសខាងជើងមានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ។
៣ មួយផ្នែកនៃអាគារនោះ នៅទល់មុខនឹងទីលានខាងក្នុងដែលមានប្រវែងម្ភៃហត្ថ មួយផ្នែកទៀតនៅទល់មុខនឹងកំរាលថ្មនៃទីធ្លាខាងក្រៅ។ អាគារនោះមានថែវបីជាន់។
៤ នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។
៥ បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។
៦ បន្ទប់ទាំងនោះមានបីជាន់ តែគ្មានសសរដូចសសរនៅក្នុងទីលានទេ។ ហេតុនេះហើយបានជាពេលឡើងពីក្រោមទៅឃើញថា បន្ទប់នៅជាន់លើចង្អៀតជាងបន្ទប់នៅជាន់ក្រោម និងជាន់កណ្ដាល។
៧ នៅទីលានខាងក្រៅជញ្ជាំងខណ្ឌតាមបណ្ដោយបន្ទប់ មានប្រវែងហាសិបហត្ថ
៨ ដ្បិតបន្ទប់ដែលនៅជាប់នឹងទីលានខាងក្រៅនោះ មានប្រវែងហាសិបហត្ថដែរ។ រីឯជ្រុងដែលបែរមុខទៅរកព្រះវិហារ មានប្រវែងមួយរយហត្ថ។
៩ នៅក្រោមបន្ទប់ទាំងនោះ មានទ្វារចូលពីទីលានខាងក្រៅ តាមទិសខាងកើត។
១០ តាមជញ្ជាំងខណ្ឌទីលានប៉ែកខាងកើត ដែលនៅទល់មុខធ្លាធំ និងអាគារក៏មានបន្ទប់ជាច្រើនដែរ។
១១ នៅមុខបន្ទប់ទាំងនោះមានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា
១២ រីឯទ្វារនៃបន្ទប់នៅជួរខាងត្បូងក៏ដូចគ្នាដែរ។ នៅច្រកចូលតាមជញ្ជាំងខណ្ឌខាងកើត មានទ្វារមួយសំរាប់ចេញចូល។
១៣ បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូងដែលនៅទល់មុខនឹងធ្លាធំជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះមានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសំរាប់ថ្វាយជាយញ្ញបូជាសុំអោយរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។
១៤ ពេលណាពួកបូជាចារ្យចូលទៅហើយ គេពុំអាចចេញមកទីលានខាងក្រៅបានភ្លាមៗទេ គឺត្រូវទុកសម្លៀកបំពាក់ដែលគេស្លៀកពាក់ សំរាប់បំពេញមុខងារនោះ ក្នុងបន្ទប់ដ៏សក្ការៈជាមុនសិន ដ្បិតសម្លៀកបំពាក់នោះក៏សក្ការៈដែរ។ ដើម្បីចូលទៅជិតប្រជាជន គេមានសម្លៀកបំពាក់ផ្សេងទៀត»។
១៥ ពេលលោកវាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ លោកនាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយលោកវាស់បរិវេណដែលនៅជុំវិញ។
១៦ លោកយកឈើរង្វាស់ វាស់ជ្រុងខាងកើតឃើញមានប្រវែងប្រាំរយឈើរង្វាស់។
១៧ លោកវាស់ជ្រុងខាងជើង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
១៨ លោកវាស់ជ្រុងខាងត្បូងឃើញមានប្រវែងប្រាំរយឈើរង្វាស់។
១៩ លោកបែរទៅជ្រុងខាងលិច ហើយវាស់ឃើញមានប្រវែងប្រាំរយឈើរង្វាស់។
២០ លោកវាស់ជញ្ជាំងទាំងបួនជ្រុង មួយជ្រុងៗមានប្រវែងប្រាំរយឈើរង្វាស់។ ជញ្ជាំងនោះខណ្ឌអ្វីៗដែលសក្ការៈអោយនៅដាច់ពីអ្វីៗដែលមិនសក្ការៈ។