៤៧
១ លោកយ៉ូសែបទៅទូលព្រះចៅផារ៉ោនថា៖ «ឪពុក និងបងប្អូនរបស់ទូលបង្គំបានមកពីស្រុកកាណាន ទាំងនាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយផង ឥឡូវនេះ គេនៅតំបន់កូសែន»។
២ លោកយ៉ូសែបបាននាំបងប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន
៣ ព្រះចៅផារ៉ោនមានរាជឱង្ការទៅកាន់បងប្អូនលោកយ៉ូសែបថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេទូលស្ដេចថា៖ «ទូលបង្គំយើងខ្ញុំជាគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។
៤ ពួកគេទូលស្ដេចទៀតថា៖ «ទូលបង្គំយើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសំរាប់ហ្វូងចៀមរបស់ទូលបង្គំយើងខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាប្រោសអោយទូលបង្គំយើងខ្ញុំ រស់នៅក្នុងតំបន់កូសែនផង»។
៥ ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។
៦ លោកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំលោកចាត់ចែងអោយឪពុក និងបងប្អូនលោក តាំងទីលំនៅលើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំអោយពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើលោកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេអោយមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
៧ លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។
៨ ព្រះចៅផារ៉ោនសួរលោកយ៉ាកុបថា៖ «តើលោកតាអាយុប៉ុន្មានហើយ?»។
៩ លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
១០ លោកយ៉ាកុបថ្វាយពរព្រះចៅផារ៉ោនសាជាថ្មី រួចចាកចេញពីព្រះរាជាទៅ។
១១ លោកយ៉ូសែបបានប្រគល់ដីមួយកន្លែងដ៏ល្អជាងគេនៅស្រុកអេស៊ីបអោយឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ គឺនៅតំបន់រ៉ាមសេស ស្របតាមរាជបញ្ជារបស់ព្រះចៅផារ៉ោន។
១២ លោកយ៉ូសែបបានផ្គត់ផ្គង់ឪពុក និងបងប្អូនរបស់លោក ព្រមទាំងក្រុមគ្រួសារទាំងមូល តាមចំនួនកូនចៅនៅក្នុងបន្ទុករបស់ពួកគេ។
លោកយ៉ូសែបគ្រប់គ្រងស្រុកអេស៊ីបក្នុងពេលទុរ្ភិក្ស
១៣ ទុរ្ភិក្សកើតមានកាន់តែខ្លាំង ធ្វើអោយគ្មានស្បៀងអាហារបរិភោគ ក្នុងស្រុកទាំងមូល។ ស្រុកកាណាន និងស្រុកអេស៊ីបត្រូវហិនហោច ព្រោះតែទុរ្ភិក្សនេះ។
១៤ លោកយ៉ូសែបបានលក់ស្រូវអោយប្រជាជន ហើយប្រមូលប្រាក់ទាំងប៉ុន្មាននៅស្រុកអេស៊ីប និងស្រុកកាណាន បញ្ចូលទៅក្នុងឃ្លាំងរបស់ព្រះចៅផារ៉ោន។
១៥ ពេលស្រុកអេស៊ីប និងស្រុកកាណានអស់ប្រាក់ទិញស្រូវហើយ ប្រជាជនអេស៊ីបទាំងអស់នាំគ្នាមកជួបលោកយ៉ូសែប ពោលថា៖ «សូមផ្ដល់ស្បៀងអាហារអោយយើងខ្ញុំផង! មិនត្រូវអោយយើងស្លាប់នៅមុខលោក ព្រោះតែគ្មានប្រាក់នោះឡើយ!»។
១៦ លោកយ៉ូសែបមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាគ្មានប្រាក់ទេ ចូរយកហ្វូងសត្វមកអោយខ្ញុំ ខ្ញុំនឹងផ្ដល់ស្បៀងអាហារអោយអ្នករាល់គ្នាបរិភោគ»។
១៧ គេនាំហ្វូងសត្វមកជូនលោកយ៉ូសែប លោកយ៉ូសែបក៏ផ្ដល់ស្បៀងអាហារអោយគេ ជាថ្នូរនឹងសេះ ហ្វូងចៀម ហ្វូងគោ និងលាផង។ ដូច្នេះ នៅឆ្នាំនោះ លោកបានផ្ដល់ស្បៀងអាហារអោយគេ ហើយយកហ្វូងសត្វទាំងអស់របស់គេជាថ្នូរ។
១៨ លុះឆ្នាំនោះកន្លងផុតទៅ នៅឆ្នាំបន្ទាប់ ពួកគេមករកលោកម្ដងទៀត ពោលថា៖ «យើងខ្ញុំសូមជំរាបលោកម្ចាស់តាមត្រង់ថា យើងខ្ញុំអស់ប្រាក់ហើយ រីឯហ្វូងសត្វក៏យើងខ្ញុំបានយកមកជូនលោកម្ចាស់អស់ដែរ យើងខ្ញុំគ្មានសល់អ្វីក្រៅពីខ្លួនប្រាណ និងដីធ្លី ជូនលោកម្ចាស់ប៉ុណ្ណោះ។
១៩ មិនត្រូវអោយយើងខ្ញុំស្លាប់នៅមុខលោកម្ចាស់ឡើយ។ បើអត់ពីយើងខ្ញុំ ដីធ្លីរបស់យើងខ្ញុំក៏គ្មានប្រយោជន៍អ្វីដែរ។ ដូច្នេះ សូមលោកម្ចាស់ទិញទាំងយើងខ្ញុំ ទាំងដីធ្លីរបស់យើងខ្ញុំ ជាថ្នូរនឹងស្បៀងអាហារទៅ។ យើងខ្ញុំនឹងទៅជាទាសកររបស់ព្រះចៅផារ៉ោន ហើយដីធ្លីរបស់យើងខ្ញុំក៏ទៅជាកម្មសិទ្ធិរបស់ស្ដេចដែរ។ សូមលោកម្ចាស់ផ្ដល់ពូជស្រូវអោយយើងខ្ញុំសាបព្រោះ ដើម្បីអោយយើងខ្ញុំបានរួចជីវិតផុតពីសេចក្ដីស្លាប់ កុំអោយដីធ្លីរបស់យើងក្លាយទៅជាទីរហោស្ថាន»។
២០ លោកយ៉ូសែបបានទិញដីទាំងអស់នៅស្រុកអេស៊ីប ថ្វាយព្រះចៅផារ៉ោន ដ្បិតជនជាតិអេស៊ីបនាំគ្នាលក់ដីរបស់គេរៀងៗខ្លួន ព្រោះតែទុរ្ភិក្សកើតមានរឹតតែខ្លាំងឡើងៗដូច្នេះ ស្រុកទាំងមូលក៏បានទៅជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
២១ លោកយ៉ូសែបបានជន្លៀសប្រជាជនពីក្រុងមួយ ទៅក្រុងមួយទៀតក្នុងស្រុកអេស៊ីប។
២២ រីឯពួកបូជាចារ្យវិញ លោកយ៉ូសែបពុំបានទិញដីធ្លីរបស់ពួកគេទេ ព្រោះព្រះចៅផារ៉ោនមានចេញព្រះរាជក្រឹត្យមួយ ការពារពួកបូជាចារ្យទាំងនោះ។ ពួកគេទទួលស្បៀងអាហារពីស្ដេច ដូច្នេះ ពួកគេមិនបាច់លក់ដីធ្លីឡើយ។
២៣ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ថ្ងៃនេះ ខ្ញុំបានទិញ ទាំងអ្នករាល់គ្នា ទាំងដីធ្លីរបស់អ្នករាល់គ្នា ថ្វាយព្រះចៅផារ៉ោនហើយ។ ខ្ញុំនឹងផ្ដល់ពូជអោយអ្នករាល់គ្នាយកទៅសាបព្រោះ។
២៤ លុះដល់ពេលប្រមូលភោគផល អ្នករាល់គ្នាត្រូវយកមួយភាគប្រាំទៅថ្វាយព្រះចៅផារ៉ោន ហើយអ្នករាល់គ្នាទុកបួនភាគប្រាំទៀតសំរាប់ធ្វើពូជ និងសំរាប់អ្នករាល់គ្នា ព្រមទាំងកូនចៅ និងអស់អ្នកដែលនៅជាមួយបរិភោគ»។
២៥ ប្រជាជននាំគ្នាពោលថា៖ «លោកម្ចាស់បានសង្គ្រោះអាយុជីវិតយើងខ្ញុំ! សូមលោកម្ចាស់យល់អធ្យាស្រ័យដល់យើងខ្ញុំផង យើងខ្ញុំសុខចិត្តធ្វើជាទាសកររបស់ព្រះចៅផារ៉ោនហើយ»។
២៦ លោកយ៉ូសែបបានចេញក្រឹត្យមួយ ដែលគេរក្សាទុករហូតមកទល់សព្វថ្ងៃ គឺត្រូវយកភោគផលពីដីស្រុកអេស៊ីបមួយភាគប្រាំ មកថ្វាយព្រះចៅផារ៉ោន មានតែដីរបស់បូជាចារ្យប៉ុណ្ណោះ ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះចៅផារ៉ោន។
បណ្ដាំចុងក្រោយរបស់លោកយ៉ាកុប
២៧ ជនជាតិអ៊ីស្រាអែលរស់នៅស្រុកអេស៊ីប ក្នុងតំបន់កូសែន។ គេបានដីនោះជាកម្មសិទ្ធិ ហើយបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន។
២៨ លោកយ៉ាកុបរស់នៅស្រុកអេស៊ីប អស់រយៈពេលដប់ប្រាំពីរឆ្នាំ។ លោករស់បានទាំងអស់មួយរយសែសិបប្រាំពីរឆ្នាំ។
២៩ ពេលលោកអ៊ីស្រាអែលជិតទទួលមរណភាព លោកបានហៅលោកយ៉ូសែបជាកូនមកផ្ដាំថា៖ «ប្រសិនបើកូនអាណិតពុកមែន ចូរដាក់ដៃនៅក្រោមភ្លៅពុក ហើយសំដែងចិត្តសប្បុរស និងស្មោះត្រង់ចំពោះពុក ដូចតទៅនេះ គឺមិនត្រូវបញ្ចុះសពពុកនៅស្រុកអេស៊ីបឡើយ!
៣០ ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ លោកយ៉ូសែបឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
៣១ លោកយ៉ាកុបពោលទៀតថា៖ «ចូរកូនស្បថអោយពុកមក» លោកយ៉ូសែបក៏ស្បថជូន។ បន្ទាប់មក លោកអ៊ីស្រាអែលក្រាបនៅក្បាលដំណេករបស់លោក។