៤៨
លោក​យ៉ាកុប​អោយ​ពរ​កូន​របស់​លោក​យ៉ូសែប
១ ក្រោយ​មក មាន​គេ​ជំរាប​លោក​យ៉ូសែប​ថា ឪពុក​របស់​លោក​មាន​ជំងឺ។ លោក​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​លោក​ទាំង​ពីរ​នាក់ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម​ទៅ​ជា​មួយ​ផង។ ២ គេ​ជំរាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​ជា​កូន​មក​រក​ជួប​លោក»។ លោក​អ៊ីស្រាអែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។ ៣ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «ព្រះជាម្ចាស់​ដ៏​មាន​ប្ញទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ដែល​យាង​មក​អោយ​ពុក​ឃើញ​នៅ​លូស​ ក្នុង​ស្រុក​កាណាន បាន​ប្រទាន​ពរ​ពុក។ ៤ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ពុក​ថា “យើង​នឹង​ធ្វើ​អោយ​អ្នក​មាន​កូន​ចៅ​ជា​ច្រើន និង​កើន​ចំនួន​ឡើង​បាន​ទៅ​ជា​ប្រជាជាតិ​ដ៏​ច្រើន។ យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​អោយ​ពូជពង្ស​របស់​អ្នក ទុក​ជា​កម្មសិទ្ធិ​រហូត​ត​ទៅ”។ ៥ ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រាអ៊ីម និង​ម៉ាណាសេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។ ៦ ចំពោះ​កូន​ឯ​ទៀតៗ​ដែល​កូន​បាន​បង្កើត​មក​តាម​ក្រោយ ទើប​រាប់​ថា​ជា​កូន​របស់​កូន។ កូនៗ​ដែល​កើត​មក​តាម​ក្រោយ​នោះ​នឹង​ទទួល​កេរមត៌ក តាម​រយៈ​អេប្រាអ៊ីម និង​ម៉ាណាសេ។ ៧ ពេល​ពុក​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់​វិញ រ៉ាជែល ម្ដាយ​កូន បាន​ស្លាប់​នៅ​នឹង​ដៃ​ឪពុក ជិត​ភូមិ​អេប្រាតា នៅ​ស្រុក​កាណាន ពុក​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រាតា គឺ​ភូមិ​បេថ្លេហិម»។
៨ លោក​អ៊ីស្រាអែល​សម្លឹង​មើល​កូន​ប្រុស​របស់​លោក​យ៉ូសែប ហើយ​សួរ​ថា៖ «អ្នក​ទាំង​ពីរ​ជា​នរណា?»។ ៩ លោក​យ៉ូសែប​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​ព្រះជាម្ចាស់​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​អោយ​ពរ​វា»។ ១០ ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រាអែល​ចុះ​អន់ថយ ព្រោះ​លោក​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ លោក​យ៉ូសែប​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក លោក​អ៊ីស្រាអែល​ក៏​ឱប​ថើប​ចៅ។ ១១ លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន ពុក​គ្មាន​សង្ឃឹម​ថា​នឹង​ឃើញ​មុខ​កូន​ទៀត​ទេ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​ប្រោស​អោយ​ពុក​ឃើញ​ពូជពង្ស​របស់​កូន​ថែម​ទៀត!»។ ១២ លោក​យ៉ូសែប​បាន​យក​កូនៗ​ចេញ​ពី​ភ្លៅ​ឪពុក រួច​លោក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​។ ១៣ បន្ទាប់​មក លោក​យ៉ូសែប​នាំ​កូន​ទាំង​ពីរ​ចូល​មក​ជិត​ឪពុក លោក​កាន់​អេប្រាអ៊ីម​នៅ​ដៃ​ស្ដាំ គឺ​អោយ​នៅ​ខាង​ឆ្វេង​លោក​អ៊ីស្រាអែល និង​កាន់​ម៉ាណាសេ​នៅ​ដៃ​ឆ្វេង គឺ​នៅ​ខាង​ស្ដាំ​លោក​អ៊ីស្រាអែល។ ១៤ លោក​អ៊ីស្រាអែល​បាន​ខ្វែង​ដៃ គឺ​លោក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ជា​ប្អូន និង​ដាក់​ដៃ​ឆ្វេង​លើ​ក្បាល​ម៉ាណាសេ​ជា​កូន​ច្បង ១៥ រួច​លោក​អោយ​ពរ​លោក​យ៉ូសែប​ថា៖
«សូម​ព្រះជាម្ចាស់​ដែល​លោក​អប្រាហាំ
និង​លោក​អ៊ីសាក​ធ្លាប់​គោរព​បំរើ
សូម​ព្រះជាម្ចាស់​ដែល​ថែរក្សា​ពុក
តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ
១៦ សូម​ទេវតា ដែល​បាន​រំដោះ​ពុក​អោយ​រួច​ផុត
ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ!
សូម​អោយ​គេ​រំលឹក​ឈ្មោះ​ពុក
ឈ្មោះ​របស់​លោក​អប្រាហាំ​ជា​ជីតា
និង​ឈ្មោះ​របស់​លោក​អ៊ីសាក​ជា​ឪពុក​របស់​ពុក
តាម​រយៈ​កូន​ទាំង​ពីរ។
សូម​អោយ​កូន​ទាំង​ពីរ​មាន​កូន​ចៅ
ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។
១៧ លោក​យ៉ូសែប​ឃើញ​ឪពុក​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​អេប្រាអ៊ីម​ដូច្នេះ លោក​មិន​ពេញ​ចិត្ត​ទេ។ លោក​ទាញ​ដៃ​ឪពុក​ចេញ​ពី​ក្បាល​អេប្រាអ៊ីម យក​ទៅ​ដាក់​លើ​ក្បាល​របស់​ម៉ាណាសេ។ ១៨ លោក​យ៉ូសែប​ជំរាប​ឪពុក​ថា៖ «មិន​មែន​ដូច្នេះ​ទេ​ពុក កូន​បង​នៅ​ខាង​នេះ សូម​ដាក់​ដៃ​ស្ដាំ​លើ​ក្បាល​វា​ឯណេះ​វិញ»។ ១៩ ប៉ុន្តែ ឪពុក​លោក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ​កូន ពុក​ដឹង​ហើយ​ថា​ម៉ាណាសេ​ជា​កូន​ច្បង វា​ក៏​នឹង​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ដ៏​ធំ​ដែរ។ ប៉ុន្តែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​ប្រជាជាតិ​មួយ​ធំ​ជាង​វា​ទៅ​ទៀត។ ពូជពង្ស​របស់​អេប្រាអ៊ីម​នឹង​ទៅ​បាន​ជា​ប្រជាជាតិ​ដ៏​ធំ»។ ២០ នៅ​ថ្ងៃ​នោះ លោក​អ៊ីស្រាអែល​អោយ​ពរ​កូន​ទាំង​ពីរ​នាក់​ថា៖ «ជន​ជាតិ​អ៊ីស្រាអែល​នឹង​យក​ឈ្មោះ​កូន​ទាំង​ពីរ​ទៅ​អោយ​ពរ​គ្នា​ថា: សូម​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​អ្នក​បាន​ចំរុង​ចំរើន ដូច​អេប្រាអ៊ីម និង​ម៉ាណាសេ!»។ លោក​អ៊ីស្រាអែល​ហៅ​ឈ្មោះ​អេប្រាអ៊ីម​មុន​ម៉ាណាសេ។ ២១ លោក​អ៊ីស្រាអែល​មាន​ប្រសាសន៍​ទៅ​លោក​យ៉ូសែប​ថា៖ «មើល៍ ពុក​ជិត​លា​ចាក​លោក​នេះ​ហើយ! ប៉ុន្តែ ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​កូនៗ​ទាំង​អស់​គ្នា ព្រះអង្គ​ក៏​នឹង​នាំ​កូនៗ​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ដូនតា​កូន​វិញ​ដែរ។ ២២ ពុក​អោយ​តំបន់​ស៊ីគែម​ដល់​កូន គឺ​មួយ​ចំណែក​លើស​បង​ប្អូន​របស់​កូន ជា​ដី​ដែល​ពុក​បាន​រឹប​យក​ពី​ជន​ជាតិ​អាម៉ូរី ដោយ​ដាវ និង​ធ្នូ​របស់​ពុក​ផ្ទាល់»។