លិខិត​ផ្ញើ​ជូន
គ្រិស្ដ​បរិស័ទ​ជាតិ​ហេប្រឺ
សេចក្ដី​ផ្ដើម
១ នៅ​ជំនាន់​ដើម ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​បុព្វ​បុរស*​យើង ជា​ច្រើន​លើក​ច្រើន​សា ដោយ​ប្រើ​របៀប​ផ្សេងៗ​ជា​ច្រើន តាម​រយៈ​ពួក​ព្យាការី*។ ២ គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ព្រះអង្គ​មាន​ព្រះបន្ទូល​មក​យើង​តាម​រយៈ​ព្រះបុត្រា។ ព្រះអង្គ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​អោយ​ព្រះបុត្រា​គ្រប់គ្រង​ជា​មត៌ក ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយសារ​ព្រះបុត្រា​ដែរ។ ៣ ព្រះបុត្រា​នេះ ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់ និង​មាន​លក្ខណៈ​ដូច​ព្រះអង្គ​បេះ​បិទ។ ព្រះបុត្រា​ទ្រទ្រង់​អ្វីៗ​ទាំង​អស់​ដោយសារ​ព្រះបន្ទូល​ប្រកប​ដោយ​ឫទ្ធានុភាព។ លុះ​ព្រះអង្គ​ប្រោស​មនុស្ស​អោយ​បាន​បរិសុទ្ធ* ផុត​ពី​បាប*​រួច​ហើយ ទ្រង់​ក៏​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​នា​ស្ថាន​ដ៏​ខ្ពង់ខ្ពស់​បំផុត។ ៤ ព្រះបុត្រា​បាន​ទទួល​ព្រះនាម​ប្រសើរ​លើស​ពួក​ទេវតា*​យ៉ាង​ណា​ទ្រង់​ក៏​ទទួល​ឋានៈ​ប្រសើរ​ជាង​ពួក​ទេវតា​យ៉ាង​នោះ​ដែរ។
ព្រះយេស៊ូ​គ្រិស្ដ​មាន​ឋានៈ​ធំ​ជាង​ពួក​ទេវតា
៥ ព្រះជាម្ចាស់​ពុំ​ដែល​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖
«ព្រះអង្គ​ជា​បុត្រ​របស់​យើង
គឺ​យើង​ហ្នឹង​ហើយ​ដែល​បាន​ទទួល​ព្រះអង្គ​ធ្វើ​ជា​បុត្រ​នៅ​ថ្ងៃ​នេះ»
ឬ​មាន​ព្រះបន្ទូល​ថា៖
«យើង​នឹង​ធ្វើ​ជា​បិតា​របស់​ព្រះអង្គ
ហើយ​ព្រះអង្គ​នឹង​ទៅ​ជា​បុត្រា​របស់​យើង»​សោះ​ឡើយ។
៦ មួយ​វិញ​ទៀត នៅ​ពេល​ព្រះជាម្ចាស់​ចាត់​បុត្រ​ច្បង​អោយ​មក​ផែនដី​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា៖
«ទេវតា*​ទាំង​អស់​របស់​ព្រះជាម្ចាស់
ត្រូវ​ក្រាប​ថ្វាយបង្គំ​ព្រះបុត្រា»​។
៧ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​អំពី​ពួក​ទេវតា​ថា៖
«ព្រះអង្គ​បាន​យក​ពួក​ទេវតា​ធ្វើ​ជា​ខ្យល់
និង​យក​ពួក​អ្នក​បំរើ​របស់​ព្រះអង្គ​ធ្វើ​ជា​អណ្ដាត​ភ្លើង»​។
៨ ចំពោះ​ព្រះបុត្រា​វិញ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«បពិត្រ​ព្រះជាម្ចាស់​បល្ល័ង្ក​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច
ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌​។
៩  ព្រះអង្គ​សព្វ​ព្រះហឫទ័យ​តែ​នឹង​សេចក្ដី​សុចរិត
ទ្រង់​មិន​សព្វ​ព្រះហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ។
ហេតុ​នេះ​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ព្រះអង្គ
បាន​ចាក់​ប្រេង​អភិសេក​ព្រះអង្គ
អោយ​មាន​អំណរ​សប្បាយ​ដ៏​លើសលប់
គឺ​អោយ​ព្រះអង្គ​បាន​ប្រសើរ​ជាង
មិត្តភក្ដិ​របស់​ព្រះអង្គ»​។
១០ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ទៀត​ថា៖
បពិត្រ​ព្រះអម្ចាស់! ព្រះអង្គ​បាន​បង្កើត​ផែនដី
តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។
១១  ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​រលាយ​បាត់​ទៅ
តែ​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត។
ផែនដី និង​ផ្ទៃ​មេឃ​មុខ​ជា​ចាស់​ទៅ
ដូច​សម្លៀកបំពាក់
១២  ព្រះអង្គ​នឹង​បត់​ទាំង​ផែនដី ទាំង​ផ្ទៃ​មេឃ​ទុក
ដូច​គេ​បត់​អាវ​ធំ
ផែនដី និង​ផ្ទៃ​មេឃ​នឹង​រេចរឹល​ទៅ
ដូច​សម្លៀកបំពាក់
ចំពោះ​ព្រះអង្គ​វិញ ទ្រង់​មិន​ប្រែប្រួល​ឡើយ
ហើយ​ព្រះជន្មាយុ​របស់​ព្រះអង្គ
ក៏​មិន​ចេះ​អស់​ដែរ​។
១៣ មួយ​វិញ​ទៀត ព្រះជាម្ចាស់​ក៏​មិន​ដែល​មាន​ព្រះបន្ទូល​ទៅ​កាន់​ទេវតា​ណា​ថា៖
«សូម​គង់​នៅ​ខាង​ស្ដាំ​យើង
ទំរាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ
មក​ដាក់​ក្រោម​ព្រះបាទា​របស់​ព្រះអង្គ»​។
១៤ ទេវតា​ទាំង​នោះ​សុទ្ធ​តែ​ជា​វិញ្ញាណ ដែល​នៅ​បំរើ​ព្រះជាម្ចាស់ ព្រះអង្គ​ចាត់​ពួក​លោក​អោយ​មក​បំពេញ​មុខងារ ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​ត្រូវ​ទទួល​ការ​សង្គ្រោះ​ទុក​ជា​មត៌ក!