ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស
១ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ប្រៀនប្រដៅ ដែល​យើង​បាន​ស្ដាប់​អោយ​មែន​ទែន ក្រែង​លោ​យើង​ត្រូវ​រសាត់​បាត់​ទៅ។ ២ ប្រសិន​បើ​ព្រះបន្ទូល​ដែល​ពួក​ទេវតា​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ៣ ចុះ​ចំណង់​បើ​យើង​វិញ ធ្វើ​ម្ដេច​នឹង​អោយ​រួច​ខ្លួន​បាន​បើ​យើង​ធ្វេសប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ថ្លៃ​វិសេស​នេះ? ជា​បឋម ព្រះអម្ចាស់​បាន​ថ្លែង​អំពី​ការ​សង្គ្រោះ ហើយ​អស់​អ្នក​ដែល​បាន​ស្ដាប់ ក៏​បញ្ជាក់​ប្រាប់​យើង​ដែរ។ ៤ ព្រះជាម្ចាស់​ផ្ដល់​សក្ខីភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ ឫទ្ធិ​បាដិហារិយ៍ ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​ព្រះអំណោយ​ទាន​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​មក ស្រប​តាម​ព្រះហឫទ័យ​ព្រះអង្គ​ផង។
៥ ព្រះជាម្ចាស់​ពុំ​បាន​ប្រគល់​អោយ​ពួក​ទេវតា*​ត្រួតត្រា​ពិភព​លោក​ខាង​មុខ ដូច​យើង​ធ្លាប់​និយាយ​នោះ​ទេ។ ៦ ផ្ទុយ​ទៅ​វិញ មាន​ម្នាក់​បាន​ផ្ដល់​សក្ខីភាព​នៅ​ក្នុង​វគ្គ​មួយ​ដែល​ចែង​ថា៖
«តើ​មនុស្ស​មាន​ឋានៈ​អ្វី​បាន​ជា​ព្រះអង្គ​នឹក
ដល់​គេ​ដូច្នេះ
តើ​បុត្រ​មនុស្ស​ជា​អ្វី​ដែរ​បាន​ជា​ព្រះអង្គ​យក
ព្រះហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ»?
៧  «ព្រះអង្គ​បាន​ធ្វើ​អោយ​គេ​មាន​ឋានៈ​ទាប​ជាង
ទេវតា​តែ​មួយ​រយៈ​ប៉ុណ្ណោះ
ព្រះអង្គ​ប្រទាន​សិរីរុងរឿង និង​កិត្តិយស​ដល់​គេ
ទុក​ជា​មកុដ​រាជ្យ
៨  ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​អោយ
នៅ​ក្រោម​ជើង​របស់​គេ»​។
ព្រះជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឥត​ទុក​អោយ​មាន​អ្វី​មួយ​នៅ​សល់ ដែល​ពុំ​បាន​ចុះ​ចូល​នោះ​ឡើយ។ ក៏​ប៉ុន្តែ នៅ​ពេល​នេះ យើង​ពុំ​ឃើញ​ថា អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​បាន​ចុះ​ចូល​នឹង​អំណាច​របស់​មនុស្ស​ហើយ​នោះ​ទេ ៩ តែ​យើង​ឃើញ​ថា ព្រះយេស៊ូ​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ទេវតា​មួយ​រយៈ ព្រោះ​ទ្រង់​បាន​រងទុក្ខ និង​សោយ​ទិវង្គត​នោះ ឥឡូវ​នេះ ព្រះអង្គ​ទទួល​សិរីរុងរឿង និង​ព្រះកិត្តិនាម​ទុក​ជា​មកុដ​រាជ្យ។ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់ ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​មនុស្ស​គ្រប់ៗ​រូប។ ១០ អ្វីៗ​ទាំង​អស់​មាន​ជីវិត​ដោយសារ​ព្រះជាម្ចាស់ និង​សំរាប់​ព្រះអង្គ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​នាំ​បុត្រធីតា​ជា​ច្រើន​អោយ​ទទួល​សិរីរុងរឿង ដូច្នេះ គួរ​គប្បី​ព្រះអង្គ ប្រោស​ប្រទាន​អោយ​ម្ចាស់​នៃ​ការ​សង្គ្រោះ​បាន​គ្រប់​លក្ខណៈ​ដោយ​រងទុក្ខ​លំបាក។
១១ ព្រះយេស៊ូ​ដែល​ប្រោស​មនុស្ស​អោយ​បាន​វិសុទ្ធ* និង​មនុស្ស​ដែល​ព្រះអង្គ​ប្រោស​អោយ​បាន វិសុទ្ធ​នោះ​ចេញ​មក​ពី​ប្រភព​តែ​មួយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះយេស៊ូ​មិន​ខ្មាស​នឹង​ហៅ​គេ​ថា ជា​បង​ប្អូន​របស់​ព្រះអង្គ​ឡើយ ១២ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖
«ទូលបង្គំ​នឹង​ផ្សាយ​ដំណឹង​អំពី​ព្រះនាម
របស់​ព្រះអង្គ​អោយ​បង​ប្អូន​ទូលបង្គំ​ស្គាល់
ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ
នៅ​ក្នុង​អង្គ​ប្រជុំ»​។
១៣ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៀត​ថា៖
«ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ»
ហើយ​ថា«ខ្ញុំ​នៅ​ឯ​នេះ​រួម​ជា​មួយ​នឹង​កូន​ចៅ
ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ខ្ញុំ»​។
១៤ ដោយ​កូន​ចៅ​នោះ​ជាប់​សាច់​ឈាម​ជា​មួយ​គ្នា ព្រះអង្គ​ក៏​បាន​យក​ឋានៈ​ជា​មនុស្ស​រួម​ជា​មួយ​គេ​ដែរ ហើយ​ព្រះអង្គ​សោយ​ទិវង្គត ដើម្បី​កំទេច​មារ*​ដែល​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ១៥ និង​ដើម្បី​រំដោះ​អស់​អ្នក​ដែល​ជាប់​ជា​ទាសករ​មួយ​ជីវិត ព្រោះ​តែ​ខ្លាច​ស្លាប់។ ១៦ ព្រះយេស៊ូ​ពិត​ជា​ពុំ​បាន​យាង​មក​ជួយ​ពួក​ទេវតា*​ទេ គឺ​ព្រះអង្គ​មក​ជួយ​ពូជពង្ស​របស់​លោក​អប្រាហាំ​វិញ។ ១៧ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​ព្រះអង្គ​គ្រប់​ចំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មហា​បូជាចារ្យ*​ដែល​មាន​ចិត្ត​មេត្តាករុណា មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ការ​បំរើ​ព្រះជាម្ចាស់ និង​ដើម្បី​រំដោះ​ប្រជាជន​អោយ​រួច​ផុត​ពី​បាប*​ផង។ ១៨ ដោយ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​លំបាក នៅ​ពេល​ជួប​ការ​ល្បងល ព្រះអង្គ​ក៏​អាច​ជួយ អស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បងល​បាន​ដែរ។