១០
១ ក្រឹត្យវិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​អោយ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ក្រឹត្យវិន័យ​ពុំ​អាច​ធ្វើ​អោយ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការបូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។ ២ ប្រសិន​បើ​ពួក​អ្នក​ដែល​គោរព​បំរើ​ព្រះជាម្ចាស់​តាម​របៀប​នេះ បាន​បរិសុទ្ធ​ម្ដង​ជា​សូរេច​ហើយ​នោះ គេ​មុខ​ជា​ដឹង​ថា​ខ្លួន​គ្មាន​ជាប់​បាប​ទៀត​ទេ ហើយ​គេ​ក៏​លែង​មក​ថ្វាយ​យញ្ញបូជា​ទៀត​ដែរ។ ៣ ក៏​ប៉ុន្តែ ដោយ​ការ​ថ្វាយ​យញ្ញបូជា​ទាំង​នោះ​ជា​រៀង​រាល់​ឆ្នាំ គេ​តែងតែ​នាំ​គ្នា​រំលឹក​ពី​អំពើ​បាប ៤ ព្រោះ​ឈាម​គោ​បា និង​ឈាម​របស់​ពពែ​ឈ្មោល​ពុំ​អាច​ដក​បាប​បាន​ឡើយ។
៥ ហេតុ​នេះ នៅ​ពេល​ដែល​ព្រះគ្រិស្ដ​យាង​ចូល​មក​ក្នុង​ពិភព​លោក ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះជាម្ចាស់​ថា៖
«ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ឬ​តង្វាយ​អ្វី​ទេ
តែ​ព្រះអង្គ​បាន​ធ្វើ​រូប​កាយ​មួយ​អោយ​ទូលបង្គំ
៦  ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​ដុត
ឬ​យញ្ញបូជា​សុំ​អោយ​រួច​ពី​បាប​ឡើយ
៧  ដូច្នេះ ទូលបង្គំ​ពោល​ថាៈ បពិត្រ​ព្រះជាម្ចាស់
ឥឡូវ​នេះ​ទូលបង្គំ​សូម​មក
ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ
ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ទូលបង្គំ
នៅ​ក្នុង​គម្ពីរ»​។
៨ ជា​បឋម ព្រះគ្រិស្ដ​មាន​ព្រះបន្ទូល​ថា «ព្រះអង្គ​មិន​ចង់​បាន ហើយ​ព្រះអង្គ​ក៏​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា តង្វាយ​ផ្សេងៗ តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញបូជា​រំដោះ​បាប» ដែល​គេ​ថ្វាយ​ទៅ​ព្រះជាម្ចាស់​ស្រប​តាម​ក្រឹត្យវិន័យ​ដែរ។ ៩ បន្ទាប់​មក ព្រះអង្គ​មាន​ព្រះបន្ទូល​ថា «ឥឡូវ​នេះ ទូលបង្គំ​សូម​មក ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ»។ ដូច្នេះ ព្រះអង្គ​បាន​លុប​បំបាត់​របៀប​គោរព​បំរើ​ព្រះជាម្ចាស់​ពី​មុន​ចោល ហើយ​យក​របៀប​ថ្មី​មក​តាំង​ជំនួស​វិញ។ ១០ ព្រះយេស៊ូ​គ្រិស្ដ​ថ្វាយ​ព្រះកាយ​របស់​ព្រះអង្គ​ម្ដង​ជា​សូរេច តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រោស​យើង​អោយ​បាន​វិសុទ្ធ។
១១ បូជាចារ្យ*​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​ញឹក​ញាប់ ជា​យញ្ញបូជា​ដែល​ពុំ​អាច​ដក​បាប​បាន​ជា​ដាច់​ខាត។ ១២ រីឯ​ព្រះគ្រិស្ដ​វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​ថ្វាយ​យញ្ញបូជា​តែ​មួយ ដើម្បី​រំដោះ​បាប​រួច​ហើយ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​រហូត​ត​ទៅ។ ១៣ ឥឡូវ​នេះ ព្រះអង្គ​រង់ចាំ​ព្រះជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ អោយ​ចុះ​ចូល​ក្រោម​ព្រះបាទា​ព្រះអង្គ។ ១៤ ដោយសារ​តង្វាយ​តែ​មួយ​គត់ ព្រះគ្រិស្ដ​ធ្វើ​អោយ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រោស​អោយ​វិសុទ្ធ* ហើយ​នោះ​បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។ ១៥ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង​ទ្រង់​មាន​ព្រះបន្ទូល​ថា៖
១៦  «ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា
លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង
សម្ពន្ធមេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ
យើង​នឹង​ដាក់​ក្រឹត្យវិន័យ​ទាំង​ប៉ុន្មាន​របស់​យើង
ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យវិន័យ
ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។
១៧ បន្ទាប់​មក ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​បន្ថែម​ទៀត​ថា៖
«ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប
និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ»​។
១៨ ដូច្នេះ ប្រសិន​បើ​ព្រះជាម្ចាស់​លើកលែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​អោយ​រួច​ពី​បាប​ទៀត​ឡើយ។
ពាក្យ​ដាស់​តឿន​អោយ​មាន​ជំនឿ​ខ្ជាប់ខ្ជួន
១៩ ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ចិត្ត​រឹងប៉ឹង​ចូល​មក​ក្នុង​ទីសក្ការៈ ដោយសារ​ព្រះលោហិត​របស់​ព្រះយេស៊ូ ២០ ព្រោះ​ព្រះអង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ទ្រង់​ឆ្លង​កាត់​វាំងនន​ពោល គឺ​រូប​កាយ​របស់​ព្រះអង្គ​ដែល​កើត​មក​ជា​មនុស្ស។ ២១ ដោយ​យើង​មាន​មហា​បូជាចារ្យ*​មួយ​រូប ដែល​គ្រប់គ្រង​លើ​ព្រះដំណាក់​របស់​ព្រះជាម្ចាស់​ដូច្នេះ ២២ យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះអង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរពេញ​ដោយ​ជំនឿ​មាំមួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះស្រឡះ​ពី​គំនិត​សៅហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។ ២៣ ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​អោយ​បាន​ខ្ជាប់ខ្ជួន កុំ​អោយ​រង្គើ​ឡើយ ដ្បិត​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ​។ ២៤ តោង​យើង​មើល​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់​តឿន​គ្នា​អោយ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។ ២៥ មិន​ត្រូវ​លះបង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អោយ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។
២៦ ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញបូជា​ណា​អាច​ធ្វើ​អោយ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ ២៧ គឺ​មាន​តែ​ភិតភ័យ​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់ចាំ​ភ្លើង​ដ៏​សន្ធោសន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ! ២៨ នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ​គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។ ២៩ ចុះ​ចំណង់​បើ​អ្នក​ដែល​មើលងាយ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ដោយ​បន្ថោក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី ជា​ព្រះលោហិត​ដែល​ប្រោស​អោយ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះតិះដៀល​ព្រះវិញ្ញាណ​នៃ​ព្រះគុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត! ៣០ ដ្បិត​យើង​ស្គាល់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា«ការ​សងសឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ»​។ ៣១ គ្មាន​អ្វី​គួរ​អោយ​ភ័យ​ខ្លាច ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​វិនិច្ឆ័យ​ទោស​ឡើយ!​
៣២ ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បង​ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង​ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង​ប្អូន​ក៏​បាន​រងទុក្ខ​លំបាក​ជា​ច្រើន ៣៣ ពេល​ខ្លះ បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើលងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង​ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។ ៣៤ បង​ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង បង​ប្អូន​សុខ​ចិត្ត​អោយ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ដោយ​រីករាយ ដ្បិត​បង​ប្អូន​ដឹង​ថា បង​ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិតស្ថេរ​រហូត។ ៣៥ ហេតុ​នេះ សូម​បង​ប្អូន​កុំ​លះបង់​ចិត្ត​រឹងប៉ឹង ដែល​នឹង​ធ្វើ​អោយ​បង​ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ ៣៦ គឺ​ត្រូវ​មាន​ចិត្ត​ស៊ូ​ទ្រាំ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ និង​ទទួល​ផល​តាម​ព្រះបន្ទូល​សន្យា
៣៧  ដ្បិត​នៅ​តែ​បន្តិច​ទៀត
គឺ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ
ព្រះអង្គ​ដែល​ត្រូវ​យាង​មក
ទ្រង់​នឹង​យាង​មក​ដល់​ជា​មិន​ខាន
ព្រះអង្គ​មិន​បង្អង់​ឡើយ។
៣៨  «រីឯ​អ្នក​សុចរិត​ជា​កូន​ចៅ​របស់​យើង​វិញ
គេ​នឹង​មាន​ជីវិត​រស់​ដោយសារ​ជំនឿ
តែ​បើ​គេ​ថយ​ក្រោយ
យើង​លែង​ពេញ​ចិត្ត​នឹង​គេ​ហើយ»​។
៣៩ ចំពោះ​យើង​វិញ យើង​មិន​មែន​ជា​អ្នក​ថយ​ក្រោយ​អោយ​ត្រូវ​វិនាស​បាត់​បង់​នោះ​ទេ គឺ​យើង​ជា​អ្នក​ជឿ​ដើម្បី​សង្គ្រោះ​ជីវិត​។