២៨
លោកយេរេមាតទល់នឹងលោកហាណានា
១ ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំក្នុងឆ្នាំទីបួន លោកហាណានាជាកូនរបស់លោកអស៊ើរ ដែលជាព្យាការីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលថា៖
២ «ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្ដេចស្រុកបាប៊ីឡូន!
៣ ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះដំណាក់របស់ព្រះអម្ចាស់ ដែលនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនបានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។
៤ យើងក៏នាំយេកូនាសជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។
៥ ព្យាការីយេរេមាបានតបទៅព្យាការីហាណានា នៅចំពោះមុខក្រុមបូជាចារ្យ និងប្រជាជនទាំងមូលដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ថា៖
៦ «អាម៉ែន! សូមព្រះអម្ចាស់ធ្វើតាមពាក្យរបស់លោក! សូមព្រះអម្ចាស់ សំរេចតាមពាក្យដែលលោកប្រកាសនេះចុះ! គឺសូមព្រះអង្គនាំសម្ភារៈរបស់ព្រះវិហារ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ!
៧ ប៉ុន្តែ សូមស្ដាប់សេចក្ដីដែលខ្ញុំយកមកជំរាបលោក និងប្រជាជនទាំងមូល អោយបានជ្រាបដូចតទៅ:
៨ ព្យាការីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់ បានថ្លែងព្រះបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើនត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។
៩ ប្រសិនបើមានព្យាការីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថា ព្រះអម្ចាស់ចាត់ព្យាការីនោះអោយមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។
១០ ពេលនោះ ព្យាការីហាណានាបានដោះនឹមចេញពីស្មារបស់ព្យាការីយេរេមាមកកាច់បំបាក់
១១ ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ព្យាការីយេរេមាក៏ដើរចេញពីកន្លែងនោះទៅ។
១២ បន្ទាប់ពីព្យាការីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ព្យាការីយេរេមា ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ៖
១៣ «ចូរទៅប្រាប់ហាណានាថា: ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។
១៤ ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេអោយនៅក្រោមអំណាចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបំរើនេប៊ូក្នេសា សូម្បីតែសត្វព្រៃក៏យើងប្រគល់អោយស្ដេចនោះដែរ»។
១៥ បន្ទាប់មក ព្យាការីយេរេមាមានប្រសាសន៍ទៅកាន់ព្យាការីហាណានាថា៖ «លោកហាណានាអើយ! សូមស្ដាប់ខ្ញុំសិន! ព្រះអម្ចាស់មិនបានចាត់លោកអោយមកទេ! លោកនាំប្រជាជននេះអោយសង្ឃឹមលើពាក្យមិនពិត។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងបណ្ដេញអ្នកអោយចាកចេញពីផែនដី! ឆ្នាំនេះអ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសអោយគេបះបោរប្រឆាំងនឹងព្រះអម្ចាស់»។
១៧ ព្យាការីហាណានាក៏ទទួលមរណភាពនៅខែទីប្រាំពីរនាឆ្នាំនោះ។