២៩
លិខិតផ្ញើទៅប្រជាជនដែលជាឈ្លើយសឹក
១ ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូសាឡឹម ទៅជូនក្រុមព្រឹទ្ធាចារ្យ ព្រមទាំងក្រុមបូជាចារ្យ ក្រុមព្យាការី និងប្រជាជនទាំងអស់ដែលព្រះចៅនេប៊ូក្នេសាបានកៀរពីក្រុងយេរូសាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ីឡូន
២ ក្រោយពេលដែលព្រះបាទយេកូនាស សម្ដេចមាតា ពួកមហាតលិក ពួកមន្ត្រីរបស់ជនជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូសាឡឹមទៅ។
៣ ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ីឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ារា ជាកូនរបស់លោកហ៊ីលគីយ៉ា ដែលព្រះបាទសេដេគា ជាស្ដេចស្រុកយូដាចាត់អោយទៅគាល់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖
៤ «ព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលមកកាន់អស់អ្នកដែលព្រះអង្គអោយគេកៀរពីក្រុងយេរូសាឡឹម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូនថា:
៥ “ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ។
៦ ចូររៀបការ ហើយបង្កើតកូនប្រុសកូនស្រី ចូរទុកដាក់កូនចៅអោយមានគូស្រករ ដើម្បីបង្កើតកូនបន្តពូជ។ អ្នករាល់គ្នារស់នៅកន្លែងណា ចូរបង្កើតកូនពូនជាចៅអោយបានកើនចំនួនច្រើនឡើងនៅកន្លែងនោះកុំចុះថយឡើយ។
៧ យើងដាក់អ្នករាល់គ្នានៅក្រុងណា ចូរខិតខំធ្វើអោយក្រុងនោះចំរុងចំរើនឡើង ចូរទូលអង្វរអោយក្រុងនោះ ដ្បិតអ្នករាល់គ្នាបានសុខ លុះត្រាតែក្រុងនោះបានសុខដែរ”។
៨ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: “មិនត្រូវចាញ់បោកពួកព្យាការី ឬពួកគ្រូទាយ ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយក៏មិនត្រូវយកចិត្តទុកដាក់នឹងការយល់សប្ដិរបស់អ្នករាល់គ្នាដែរ
៩ ដ្បិតអ្នកទាំងនោះប្រើឈ្មោះយើងប្រកាសពាក្យក្លែងក្លាយ។ យើងមិនបានចាត់ពួកគេអោយមកទេ” -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា: “កាលស្រុកបាប៊ីឡូនត្រួតត្រាលើស្រុកទាំងឡាយ បានគំរប់ចិតសិបឆ្នាំហើយ យើងនឹងមករកអ្នករាល់គ្នា យើងនឹងសំរេចតាមពាក្យសន្យារបស់យើង គឺនាំអ្នករាល់គ្នាវិលទៅស្រុកកំណើតវិញ។
១១ យើងស្គាល់ច្បាស់នូវគំរោងការដែលយើងបានគ្រោងទុក សំរាប់អ្នករាល់គ្នា ជាគំរោងការដែលផ្ដល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា គឺមិនមែនអោយអ្នករាល់គ្នាត្រូវវេទនាទេ។ យើងនឹងផ្ដល់សេចក្ដីសង្ឃឹម និងអនាគតល្អអោយអ្នករាល់គ្នា - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
១២ ពេលនោះ អ្នករាល់គ្នានឹងអធិស្ឋាន អ្នករាល់គ្នានឹងធ្វើដំណើរទៅទូលអង្វរយើង ហើយយើងនឹងឆ្លើយតបមកអ្នករាល់គ្នាវិញ។
១៣ អ្នករាល់គ្នាស្វែងរកយើង ហើយនឹងជួបយើងមិនខាន ព្រោះអ្នករាល់គ្នាស្វែងរកយើងដោយចិត្តស្មោះ។
១៤ យើងនឹងអោយអ្នករាល់គ្នារកយើងឃើញ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងស្ដារប្រជាជាតិអ្នករាល់គ្នាឡើងវិញ យើងនឹងប្រមូលអ្នករាល់គ្នាពីក្នុងចំណោមប្រជាជាតិទាំងអស់ ពីគ្រប់កន្លែងដែលយើងកំចាត់កំចាយអ្នករាល់គ្នាអោយទៅនៅ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាវិលត្រឡប់មកស្រុករបស់អ្នករាល់គ្នាវិញ។
១៥ ប៉ុន្តែ អ្នករាល់គ្នាបានពោលថា ព្រះជាម្ចាស់ប្រទានព្យាការីមកអោយពួកយើងនៅស្រុកបាប៊ីឡូន!”។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្ដេចដែលគ្រងរាជ្យលើបល្ល័ង្កព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងអស់នៅក្នុងក្រុងនេះ និងបងប្អូនរបស់អ្នករាល់គ្នាដែលសត្រូវមិនបានកៀរយកទៅជាឈ្លើយដូចតទៅ:
១៧ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា “យើងនឹងប្រើដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគទៅប្រហារពួកគេ គឺយើងធ្វើអោយពួកគេបានដូចផ្លែឧទុម្ពរស្អុយដែលបរិភោគមិនកើត។
១៨ យើងនឹងតាមប្រហារពួកគេដោយមុខដាវ ទុរ្ភិក្ស និងជំងឺអាសន្នរោគ។ យើងធ្វើអោយនគរទាំងប៉ុន្មាននៅផែនដីញ័ររន្ធត់ដោយឃើញមហន្តរាយកើតមានដល់ពួកគេ។ ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលយើងកំចាត់កំចាយពួកគេអោយទៅនៅ មនុស្សម្នានឹងស្រឡាំងកាំង ហើយប្រើឈ្មោះពួកគេសំរាប់ជេរប្រមាថ និងដាក់បណ្ដាសាគ្នាផង។
១៩ ការទាំងនេះកើតមាន ព្រោះពួកគេមិនស្ដាប់ពាក្យយើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- យើងបានចាត់ព្យាការីជាអ្នកបំរើរបស់យើងអោយទៅរកពួកគេ ជារៀងរហូតមក តែពួកគេពុំព្រមស្ដាប់ទេ”-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
២០ រីឯអ្នកទាំងអស់គ្នាដែលព្រះអម្ចាស់បានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ!
២១ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលស្ដីអំពីអហាប់ជាកូនរបស់កូឡាយ៉ា និងសេដេគាជាកូនរបស់ម៉ាសេយ៉ាថា: “អ្នកទាំងពីរបានប្រកាសពាក្យក្លែងក្លាយ ក្នុងនាមយើងប្រាប់អ្នករាល់គ្នា។ ហេតុនេះយើងប្រគល់គេទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយស្ដេចនេប៊ូក្នេសានឹងប្រហារជីវិតអ្នកទាំងពីរ នៅមុខអ្នករាល់គ្នា។
២២ ក្នុងចំណោមប្រជាជនយូដាទាំងអស់ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន គេនឹងយកឈ្មោះអ្នកទាំងពីរទៅដាក់បណ្ដាសាគ្នាថា: សូមព្រះអម្ចាស់ដាក់ទោសឯង ដូចសេដេគា និងអហាប់ដែលស្ដេចស្រុកបាប៊ីឡូនអោយគេយកទៅដុតនៅក្នុងភ្លើង!
២៣ អ្នកទាំងពីរបានប្រព្រឹត្តអំពើដ៏អាស្រូវក្នុងស្រុកអ៊ីស្រាអែល គឺប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ ហើយពោលពាក្យក្លែងក្លាយក្នុងនាមយើង ដោយយើងមិនបានបង្គាប់អោយគេប្រកាសសោះ។ យើងជាសាក្សីដឹងឮអំពីរឿងនេះមែន! -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់”»។
២៤ «ចូរប្រាប់សេម៉ាយ៉ាជាអ្នកស្រុកនេហេឡាំថា
២៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ្នកបានផ្ញើសំបុត្រក្នុងនាមអ្នកផ្ទាល់ ទៅអោយប្រជាជនទាំងមូលនៅក្រុងយេរូសាឡឹម ព្រមទាំងបូជាចារ្យសេផានាជាកូនរបស់ម៉ាសេយ៉ា និងបូជាចារ្យទាំងអស់ មានសេចក្ដីដូចតទៅ:
២៦ “លោកសេផានាអើយ ព្រះអម្ចាស់តែងតាំងលោកជាបូជាចារ្យ ជំនួសបូជាចារ្យយេហូយ៉ាដា ដើម្បីអោយលោកទទួលខុសត្រូវលើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយពិនិត្យមើលក្រែងលោមាននរណាម្នាក់កើតគំនិតលេលាតាំងខ្លួនជាព្យាការី។ លោកត្រូវតែយកជនប្រភេទនោះដាក់ច្រវាក់ និងយកឃ្នាងមកដាក់កដែរ។
២៧ ឥឡូវនេះ ហេតុដូចម្ដេចបានជាលោកមិនដាក់ទោសយេរេមា ជាអ្នកស្រុកអាណាថោត ដែលតាំងខ្លួនជាព្យាការីក្នុងចំណោមអ្នករាល់គ្នាដូច្នេះ?
២៨ គាត់សរសេរសំបុត្រមកពួកយើងនៅស្រុកបាប៊ីឡូននេះថា: អ្នករាល់គ្នាត្រូវតែរស់នៅទីនេះយ៉ាងយូរ ចូរសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ចូរដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ!”»។
២៩ បូជាចារ្យសេផានាអានសំបុត្រនោះអោយព្យាការីយេរេមាស្ដាប់។
៣០ ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកយេរេមាដូចតទៅ៖
៣១ «ចូរចាត់គេអោយទៅប្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយថា ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីសេម៉ាយ៉ាជាអ្នកស្រុកនេហេឡាំដូចតទៅ: សេម៉ាយ៉ាថ្លែងប្រាប់អ្នករាល់គ្នានូវសេចក្ដីផ្សេងៗ ធ្វើអោយអ្នករាល់គ្នាសង្ឃឹមលើពាក្យមិនពិត តែយើងពុំបានចាត់គាត់អោយមកទេ។
៣២ ហេតុនេះយើងនឹងដាក់ទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេឡាំ និងកូនចៅរបស់គាត់។ គ្មាននរណាម្នាក់ក្នុងក្រុមគ្រួសាររបស់គាត់ អាចរស់នៅក្នុងចំណោមប្រជារាស្ត្រនេះ ហើយឃើញប្រជារាស្ត្ររបស់យើងទទួលសុភមង្គល ដែលយើងនឹងផ្ដល់អោយនោះឡើយ ដ្បិតសេម៉ាយ៉ាបានប្រកាសអោយគេបះបោរប្រឆាំងនឹងព្រះអម្ចាស់» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។