១០
ជ័យជំនះលើស្ដេចរបស់ជនជាតិអាម៉ូរី
១ ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិភាពពីជនជាតិអ៊ីស្រាអែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។
២ ដំណឹងនេះបានធ្វើអោយអ្នកក្រុងយេរូសាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។
៣ ព្រះបាទអដូនី-សេដេក ជាស្ដេចក្រុងយេរូសាឡឹមផ្ញើរាជសារទៅព្រះបាទហូហាំ ជាស្ដេចក្រុងហេប្រូន ព្រះបាទពារ៉ាម ជាស្ដេចក្រុងយ៉ារមូត ព្រះបាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះបាទដេបៀរជាស្ដេចក្រុងអេក្លូនថា៖
៤ «សូមស្ដេចយាងមក ហើយជួយទូលបង្គំវាយក្រុងគីបៀនផង ព្រោះពួកគេសុំសន្តិភាពពីយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល»។
៥ ស្ដេចរបស់ជនជាតិអាម៉ូរីទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន បានពួតដៃគ្នាលើកទ័ពទាំងអស់ទៅឡោមព័ទ្ធក្រុងគីបៀន ហើយវាយក្រុងនោះ។
៦ អ្នកស្រុកគីបៀនចាត់គេអោយទៅជំរាបលោកយ៉ូស្វេនៅជំរំគីលកាល់ថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំប្របាទឡើយ! សូមអញ្ជើញមករំដោះយើងខ្ញុំជាប្រញាប់ សូមជួយសង្គ្រោះយើងខ្ញុំផង ដ្បិតស្ដេចទាំងប៉ុន្មានរបស់ជនជាតិអាម៉ូរី ដែលនៅស្រុកភ្នំ បានរួមគ្នាប្រឆាំងនឹងយើងខ្ញុំ»។
៧ លោកយ៉ូស្វេក៏នាំកងទ័ពទាំងមូលចេញពីគីលកាល់ ដោយមានកងទាហានដ៏អង់អាចរបស់លោកមកជាមួយផង។
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។
៩ លោកយ៉ូស្វេធ្វើដំណើរពីគីលកាល់ទៅអស់មួយយប់ ហើយវាយសំរុកពួកគេ ដោយមិនអោយដឹងខ្លួនជាមុនឡើយ។
១០ ព្រះអម្ចាស់ធ្វើអោយជនជាតិអាម៉ូរីបាក់ទ័ព នៅចំពោះមុខជនជាតិអ៊ីស្រាអែល។ ពួកគេបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្រុងគីបៀន ហើយជនជាតិអ៊ីស្រាអែលដេញពីក្រោយពួកគេតាមផ្លូវឡើងទៅភូមិបេតហូរ៉ូន ព្រមទាំងវាយប្រហារពួកគេ រហូតទៅដល់ភូមិអាសេកា និងភូមិម៉ាកេដា។
១១ ពេលជនជាតិអាម៉ូរីបាក់ទ័ព រត់នៅមុខជនជាតិអ៊ីស្រាអែល ហើយនៅពេលដែលគេកំពុងតែចុះពីភូមិបេតហូរ៉ូនទៅនោះ ព្រះអម្ចាស់បានធ្វើអោយមានគ្រាប់ព្រឹលធំៗធ្លាក់ពីលើមេឃមកលើពួកគេ រហូតទៅដល់ភូមិអាសេកា អ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវរបស់ជនជាតិអ៊ីស្រាអែលទៅទៀត។
១២ នៅថ្ងៃដែលព្រះអម្ចាស់ ប្រទានអោយជនជាតិអ៊ីស្រាអែលមានជ័យជំនះលើជនជាតិអាម៉ូរី លោកយ៉ូស្វេទូលទៅព្រះអម្ចាស់ ហើយមានប្រសាសន៍នៅចំពោះមុខប្រជាជនអ៊ីស្រាអែលថា៖
«ព្រះអាទិត្យអើយ ចូរឈប់ស្ងៀម
នៅលើក្រុងគីបៀនទៅ!
ព្រះច័ន្ទអើយ ចូរឈប់ស្ងៀម
នៅលើជ្រលងភ្នំអៃយ៉ាឡូនទៅ»។
១៣ ពេលនោះ ព្រះអាទិត្យក៏ឈប់ស្ងៀម
ហើយព្រះច័ន្ទក៏នៅស្ងៀមដែរ
រហូតទាល់តែប្រជាជាតិអ៊ីស្រាអែលវាយឈ្នះ
ខ្មាំងសត្រូវរបស់ខ្លួន។
ហេតុការណ៍ទាំងនេះមានចែងទុកក្នុងក្រាំង «ជនសុចរិត» គឺព្រះអាទិត្យឈប់ស្ងៀមនៅលើមេឃ ហើយក្នុងរយៈពេលជិតមួយថ្ងៃនោះ ព្រះអាទិត្យមិនប្រញាប់លិចទេ។
១៤ តាំងពីដើមរៀងមក ហើយតទៅមុខទៀតមិនដែលមានថ្ងៃណាដូចថ្ងៃនោះឡើយ គឺព្រះអម្ចាស់ធ្វើតាមសំណូមពររបស់មនុស្សម្នាក់ ដ្បិតព្រះអម្ចាស់បានច្បាំងរួមជាមួយជនជាតិអ៊ីស្រាអែល។
១៥ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូលនាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។
លោកយ៉ូស្វេចាប់បានស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គ
១៦ ស្ដេចជនជាតិអាម៉ូរីទាំងប្រាំអង្គ បានរត់ទៅពួនក្នុងរូងភ្នំនៅម៉ាកេដា។
១៧ មានគេទៅរាយការណ៍ជូនលោកយ៉ូស្វេថា ស្ដេចទាំងប្រាំអង្គនោះពួនក្នុងរូងភ្នំនៅម៉ាកេដា។
១៨ លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានអោយចាំយាមនៅទីនោះផង។
១៩ រីឯអ្នករាល់គ្នាវិញ ត្រូវដេញតាមខ្មាំងសត្រូវកុំឈប់អោយសោះ។ ត្រូវវាយគេពីខាងក្រោយ កុំទុកអោយពួកគេចូលទៅក្នុងក្រុងរបស់ខ្លួនបានឡើយ ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។
២០ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារជនជាតិអាម៉ូរីអោយបរាជ័យយ៉ាងធ្ងន់ស្ទើរតែផុតពូជ ប៉ុន្តែ មានពួកគេខ្លះបានរត់រួចចូលទៅក្នុងក្រុងនានាដែលមានកំពែងការពារ។
២១ បន្ទាប់មក កងទ័ពអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំដោយសុខសាន្ត ពួកគេជួបនឹងលោកយ៉ូស្វេនៅម៉ាកេដា។ ចាប់ពីពេលនោះមកគ្មាននរណាម្នាក់នៅស្រុកនោះហ៊ានរអ៊ូរទាំទាស់នឹងជនជាតិអ៊ីស្រាអែលទៀតឡើយ។
២២ បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ថា៖ «ចូរបើកមាត់រូង ហើយនាំស្ដេចទាំងប្រាំនោះចេញមកជួបខ្ញុំ»។
២៣ គេក៏បើកមាត់រូង ហើយនាំស្ដេចទាំងប្រាំអង្គ គឺស្ដេចក្រុងយេរូសាឡឹម ស្ដេចក្រុងហេប្រូន ស្ដេចក្រុងយ៉ារមូត ស្ដេចក្រុងឡាគីស និងស្ដេចក្រុងអេក្លូន ចេញមកជួបលោក។
២៤ កាលគេនាំស្ដេចទាំងប្រាំអង្គចេញមកជួបលោកយ៉ូស្វេ ហើយលោកក៏ហៅកងទ័ពអ៊ីស្រាអែលទាំងមូលមក ហើយហៅនាយទាហានដែលរួមប្រយុទ្ធជាមួយលោកអោយចូលមកជិត និងយកជើងជាន់កស្ដេចទាំងនោះ។ ពួកនាយទាហានក៏នាំគ្នាចូលមក ហើយជាន់កស្ដេចទាំងនោះ។
២៥ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកគេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរមានកម្លាំង និងទឹកចិត្តក្លាហានឡើង ដ្បិតព្រះអម្ចាស់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវទាំងអស់របស់អ្នករាល់គ្នាបែបនេះឯង!»។
២៦ លោកយ៉ូស្វេប្រហារជីវិតស្ដេចទាំងនោះ ហើយយកទៅព្យួរកនៅនឹងដើមឈើប្រាំដើម។ សពស្ដេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។
២៧ ពេលថ្ងៃលិច លោកយ៉ូស្វេបញ្ជាអោយគេយកសាកសពចុះពីដើមឈើ ទៅបោះចោលក្នុងរូងភ្នំ ដែលស្ដេចទាំងនោះបានពួន។ គេយកផ្ទាំងថ្មធំមកបិទមាត់រូង ហើយផ្ទាំងថ្មទាំងនោះស្ថិតនៅរហូតមកដល់សព្វថ្ងៃ។
លោកយ៉ូស្វេដណ្ដើមយកក្រុងនានានៅទិសខាងត្បូង
២៨ នៅថ្ងៃដដែលនោះ លោកយ៉ូស្វេវាយយកក្រុងម៉ាកេដា ហើយប្រហារជីវិតអ្នកក្រុងនោះ ទាំងស្ដេចទាំងប្រជាជន គឺលោកបានបំផ្លាញមនុស្សនៅក្នុងក្រុងនោះអស់គ្មាននរណាម្នាក់រួចជីវិតឡើយ។ លោកប្រព្រឹត្តចំពោះស្ដេចក្រុងម៉ាកេដាដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
២៩ លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងម៉ាកេដា ឆ្ពោះទៅក្រុងលីបណា ហើយវាយលុកក្រុងនោះ។
៣០ ព្រះអម្ចាស់ក៏បានប្រគល់ក្រុងលីបណា និងស្ដេចរបស់គេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែលដែរ។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអ្នកក្រុងនោះដោយមុខដាវ ឥតទុកនរណាម្នាក់អោយរួចជីវិតទេ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះស្ដេចក្រុងលីបណា ដូចលោកបានប្រព្រឹត្តចំពោះស្ដេចក្រុងយេរីខូដែរ។
៣១ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។
៣២ ព្រះអម្ចាស់បានប្រគល់ក្រុងឡាគីស មកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល កងទ័ពអ៊ីស្រាអែលវាយយកក្រុងនោះបាននៅថ្ងៃទីពីរ ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចពួកគេបានប្រព្រឹត្តចំពោះក្រុងលីបណាដែរ។
៣៣ ពេលនោះ ព្រះបាទហោរ៉ាម ជាស្ដេចក្រុងកេស៊ើរបានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ លោកយ៉ូស្វេវាយប្រហារទាំងស្ដេច ទាំងប្រជាជនរបស់ស្ដេចនោះ ឥតទុកអោយអ្នកណាម្នាក់រួចជីវិតឡើយ។
៣៤ បន្ទាប់មកទៀតលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូលចាកចេញពីក្រុងឡាគីសឆ្ពោះទៅក្រុងអេក្លូន ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។
៣៥ នៅថ្ងៃដដែល ពួកគេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុងទាំងអស់ដោយមុខដាវ ដូចគេបានប្រព្រឹត្តចំពោះក្រុងឡាគីសដែរ។
៣៦ លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល ឡើងពីក្រុងអេក្លូនឆ្ពោះទៅក្រុងហេប្រូន ហើយវាយលុកក្រុងនោះ។
៣៧ គេវាយយកបានទីក្រុង ហើយប្រហារជីវិតអ្នកក្រុង និងស្ដេចព្រមទាំងមនុស្សម្នាដែលរស់នៅតាមភូមិនានានៅជាយក្រុងនោះផងដែរ។ លោកយ៉ូស្វេបានបំផ្លាញក្រុងនោះទាំងមូល ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ គឺលោកប្រព្រឹត្តចំពោះពួកគេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងអេក្លូនដែរ។
៣៨ លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូលងាកទៅរកក្រុងដេបៀរ ហើយវាយលុកក្រុងនោះ។
៣៩ លោកវាយយកក្រុងនោះ ហើយចាប់បានស្ដេច ព្រមទាំងដណ្ដើមយកភូមិនានាដែលនៅជាប់នឹងក្រុងនោះផង។ កងទ័ពអ៊ីស្រាអែលប្រហារជីវិតមនុស្សទាំងអស់ដែលរស់នៅទីនោះដោយមុខដាវ ឥតទុកអោយនរណាម្នាក់រួចជីវិតឡើយ។ លោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងដេបៀរ ព្រមទាំងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងហេប្រូន និងក្រុងលីបណាព្រមទាំងស្ដេចរបស់គេដែរ។
៤០ លោកយ៉ូស្វេវាយលុកស្រុកនោះទាំងមូល គឺវាយយកតំបន់ភ្នំ តំបន់ណេកិបតំបន់វាលទំនាប និងតំបន់ជំរាលភ្នំព្រមទាំងប្រហារជីវិតស្ដេចរបស់គេទៀតផង។ លោកមិនទុកអោយនរណាម្នាក់រួចជីវិតឡើយ គឺបំផ្លាញអ្វីៗទាំងអស់ដែលមានជីវិត ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលបានបង្គាប់។
៤១ លោកយ៉ូស្វេវាយលុកចាប់តាំងពីកេដេស-បារនា រហូតដល់ក្រុងកាសា និងចាប់ពីតំបន់កូសែនទាំងមូលរហូតដល់ក្រុងគីបៀន។
៤២ លោកយ៉ូស្វេវាយយកស្រុកទាំងនោះ ហើយចាប់បានស្ដេចរបស់គេក្នុងគ្រាតែមួយ ព្រោះព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល រួមប្រយុទ្ធជាមួយអ៊ីស្រាអែល។
៤៣ បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល វិលត្រឡប់មកជំរំនៅគីលកាល់វិញ។