៩
កលល្បិចរបស់អ្នកស្រុកគីបៀន
១ កាលស្ដេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្ដេចរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជនជាតិអ៊ីស្រាអែល
២ ពួកគេបានរួបរួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែល។
៣ អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។
៤ ដូច្នេះ ពួកគេប្រើឧបាយកលបោកប្រាស់លោក គឺគេរៀបចំជាប្រតិភូទៅជួបលោកដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។
៥ ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។
៦ ពួកគេនាំគ្នាទៅជួបលោកយ៉ូស្វេនៅជំរំគីលកាល់ រួចនិយាយទៅកាន់លោក និងជនជាតិអ៊ីស្រាអែលថា៖ «សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង ដ្បិតយើងខ្ញុំមកពីស្រុកឆ្ងាយ»។
៧ ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើអោយយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដូចម្ដេចបាន?»។
៨ ប៉ុន្តែ ពួកគេជំរាបលោកយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបំរើរបស់លោក»។ លោកយ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?។
៩ ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប
១០ និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។
១១ ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុក យើងខ្ញុំបានប្រាប់យើងខ្ញុំ អោយយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជំរាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបំរើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង!”
១២ សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះ វារឹងហើយដុះផ្សិតអស់។
១៣ រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់ សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។
១៤ ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពីព្រះអម្ចាស់ឡើយ។
១៥ លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតអោយពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែល បានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។
១៦ បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រាអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។
១៧ ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ាក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
១៨ ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។
១៩ អ្នកដឹកនាំទាំងអស់ បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
២០ យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតអោយគេ។ បើមិនដូច្នោះទេ យើងនឹងបណ្ដាលអោយខ្លួនមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។
២១ អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតអោយពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹកសំរាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
២២ លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថា អ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ!
២៣ ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹកសំរាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។
២៤ ពួកគេឆ្លើយតបមកលោកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេជាអ្នកបំរើរបស់ព្រះអង្គ អោយប្រគល់ស្រុកទាំងមូលដល់ពួកលោក និងអោយពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្ដាលអោយយើងខ្ញុំប្រព្រឹត្តដូច្នេះ។
២៥ ឥឡូវនេះ យើងខ្ញុំស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកហើយ សូមប្រព្រឹត្តចំពោះយើងខ្ញុំ តាមដែលលោកយល់ឃើញថាល្អ និងត្រឹមត្រូវចុះ»។
២៦ លោកយ៉ូស្វេប្រព្រឹត្តចំពោះពួកគេបែបនេះឯង គឺលោករំដោះពួកគេ អោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលពុំបានសម្លាប់ពួកគេទេ។
២៧ នៅថ្ងៃនោះ លោកយ៉ូស្វេបានប្រើពួកគេអោយពុះអុស ដង ទឹក សំរាប់សហគមន៍ និងសំរាប់អាសនៈរបស់ព្រះអម្ចាស់។ រហូតមកទល់សព្វថ្ងៃ កូនចៅរបស់ពួកគេនៅតែបន្តបំពេញមុខងារនេះនៅកន្លែងដែលព្រះអង្គជ្រើសរើស។