២
លោកយ៉ូស្វេចាត់អ្នកស៊ើបការណ៍ទៅក្រុងយេរីខូ
១ លោកយ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសំងាត់ អោយចេញពីជំរំស៊ីទីម ទៅស៊ើបការណ៍។ លោកមានប្រសាសន៍ថា៖ «ចូរទៅពិនិត្យមើលស្រុកនោះ និងក្រុងយេរីខូផង!»។ អ្នកទាំងពីរនាំគ្នាចេញដំណើរឆ្ពោះទៅក្រុងយេរីខូ ហើយចូលទៅស្នាក់នៅផ្ទះរបស់ស្រីពេស្យាម្នាក់ឈ្មោះនាងរ៉ាហាប។
២ មានគេទូលស្ដេចក្រុងយេរីខូថា៖ «យប់នេះមានពួកអ៊ីស្រាអែលចូលមកក្នុងទីក្រុង ដើម្បីស៊ើបការណ៍»។
៣ ស្ដេចក្រុងយេរីខូចាត់គេអោយទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។
៤ ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។
៥ លុះដល់ពេលព្រលប់ គឺពេលដែលគេបិទទ្វារក្រុង បុរសនោះបានចេញទៅបាត់ នាងខ្ញុំពុំដឹងថាពួកគេទៅទីណាទេ។ សូមដេញតាមអោយលឿន អស់លោកមុខជាទាន់ពួកគេពុំខាន!»។
៦ តាមពិត នាងនាំពួកគេឡើងទៅលើដំបូលផ្ទះ លាក់ក្នុងគំនរដើមធ្មៃដែលនាងទុកនៅទីនោះ។
៧ អ្នកទាំងនោះដេញតាមរកពួកគេ ឆ្ពោះទៅកាន់ទន្លេយ័រដាន់ គឺនៅកន្លែងទឹករាក់ៗដែលអាចឆ្លងបាន។ កាលពួកអ្នកដេញតាមចេញផុតអស់ទៅគេក៏បិទទ្វារទីក្រុង។
៨ នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក
៩ ហើយក៏និយាយទៅកាន់គេថា៖ «នាងខ្ញុំដឹងហើយថា ព្រះអម្ចាស់ប្រគល់ស្រុកនេះដល់ពួកលោក។ ពួកលោកធ្វើអោយយើងខ្ញុំតក់ស្លុតជាខ្លាំង ហើយអ្នកស្រុកទាំងមូលបាក់ទឹកចិត្តនៅចំពោះមុខពួកលោក
១០ ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើអោយសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។
១១ ពេលឮគេនិយាយដូច្នេះ យើងខ្ញុំក៏អស់ទឹកចិត្ត ហើយម្នាក់ៗដូចជាលោះព្រលឹងនៅចំពោះមុខពួកលោក ដ្បិតព្រះអម្ចាស់ ជាព្រះរបស់ពួកលោក ជាព្រះដែលគង់នៅលើមេឃដ៏ខ្ពស់បំផុត ហើយទ្រង់ក៏គង់នៅផែនដីខាងក្រោមនេះដែរ។
១២ ឥឡូវនេះ សូមលោកទាំងពីរស្បថ អោយនាងខ្ញុំ ដោយយកព្រះអម្ចាស់ជាសាក្សីថា នាងខ្ញុំបានជួយលោកទាំងពីរដោយសប្បុរសយ៉ាងណា សូមលោកជួយក្រុមគ្រួសារនាងខ្ញុំដោយសប្បុរសយ៉ាងនោះដែរ។ សូមទុកសញ្ញាមួយជាភស្ដុតាងអោយនាងខ្ញុំបានដឹងច្បាស់ថា
១៣ ពួកលោកនឹងអនុគ្រោះដល់ជីវិតឪពុកម្ដាយ បងប្អូន ប្រុសស្រីរបស់នាងខ្ញុំ ព្រមទាំងក្រុមញាតិទាំងអស់របស់គាត់ គឺសូមជួយគេទាំងអស់គ្នាអោយបានរួចជីវិតផង»។
១៤ បុរសទាំងពីរឆ្លើយថា៖ «ប្រសិនបើពួកនាងមិនយករឿងរបស់យើងទៅបរិហារប្រាប់គេទេនោះ យើងនឹងយកជីវិតរបស់យើងមកធានាជីវិតរបស់ពួកនាង។ កាលណាព្រះអម្ចាស់ប្រគល់ស្រុកនេះអោយយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាងដោយសប្បុរស និងស្មោះត្រង់»។
១៥ បន្ទាប់មក នាងបានដាក់ខ្សែពួរអោយបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្ដង។
១៦ នាងនិយាយទៅកាន់បុរសទាំងពីរថា៖ «សូមរត់ទៅកាន់ភ្នំទៅ ដើម្បីកុំអោយគេដេញតាមទាន់! សូមពួននៅទីនោះចំនួនបីថ្ងៃ ចាំពួកអ្នកដែលដេញតាមត្រឡប់មកវិញ រួចសឹមអញ្ជើញបន្តដំណើរទៅទៀត»។
១៧ បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំអោយយើងស្បថ តែនាងត្រូវធ្វើដូចតទៅ
១៨ ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានអោយយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល អោយមកជួបជុំជាមួយនាង។
១៩ ប្រសិនបើនរណាម្នាក់ចេញទៅក្រៅផ្ទះ គេនឹងទទួលខុសត្រូវលើខ្លួនឯង យើងមិនរ៉ាប់រងទទួលខុសត្រូវទេ។ ផ្ទុយទៅវិញ ប្រសិនបើមានពួកយើងប្រហារជីវិតនរណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង ពួកយើងនឹងទទួលខុសត្រូវ!
២០ ប៉ុន្តែ បើនាងយករឿងរបស់យើងទៅបរិហារប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំអោយយើងស្បថនោះ»។
២១ នាងឆ្លើយថា៖ «ចា៎ស សូមអោយសំរេចតាមពាក្យរបស់លោកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំអោយគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។
២២ បុរសទាំងពីរធ្វើដំណើរទៅដល់ភ្នំ ហើយស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ រហូតទាល់តែពួកដែលដេញតាមត្រឡប់មកវិញ។ ពួកអ្នកដេញតាមនោះបានរកគេហូរហែតាមផ្លូវ តែមិនឃើញសោះ។
២៣ បន្ទាប់មក បុរសទាំងពីរបានចុះពីភ្នំ ឆ្លងកាត់ទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនូនវិញ ហើយជំរាបលោក នូវហេតុការណ៍ទាំងប៉ុន្មានដែលកើតមានដល់ពួកគេ។
២៤ បុរសទាំងពីរជំរាបលោកយ៉ូស្វេថា៖ «ព្រះអម្ចាស់ពិតជាបានប្រគល់ទឹកដីនេះទាំងមូលមកអោយយើងកាន់កាប់មែន សូម្បីតែប្រជាជនក្នុងស្រុក ក៏ញ័ររន្ធត់នៅចំពោះមុខយើងទាំងអស់គ្នាដែរ»។