ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​កាត់​ទន្លេ​យ័រដាន់
១ លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម ហើយ​ចាក​ចេញ​ពី​ជំរំ​ស៊ីទីម​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់។ លុះ​ទៅ​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ២ បី​ថ្ងៃ​ក្រោយ​មក ពួក​នាយ​ក្រុម​បាន​ដើរ​កាត់​ជំរំ ៣ ហើយ​បញ្ជា​ប្រជាជន​ថា៖ «ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុម​បូជាចារ្យ​លេវី*​សែង​ហិប​នៃ​សម្ពន្ធមេត្រី*​របស់​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ពេល​នោះ ត្រូវ​នាំ​គ្នា​ចាក​ចេញ​ពី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ ហើយ​ដើរ​តាម​ហិប​នោះ​ទៅ។ ៤ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ ដ្បិត​តាំង​ពី​ដើម​រៀង​មក អ្នក​រាល់​គ្នា​មិន​ដែល​បាន​ដើរ​តាម​ផ្លូវ​នេះ​ឡើយ។ ប៉ុន្តែ មិន​ត្រូវ​ចូល​ទៅ​ជិត​ហិប​ជា​ដាច់​ខាត អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ពីរពាន់ហត្ថ​ពី​ហិប​នោះ»។ ៥ បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​ជំរះ​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​ថ្ងៃ​ស្អែក​ព្រះអម្ចាស់​នឹង​សំដែង​ការ​អស្ចារ្យ​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា»។ ៦ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​បូជាចារ្យ​ថា៖ «ចូរ​សែង​ហិប​នៃ​សម្ពន្ធមេត្រី ឆ្លង​ទៅ​មុន​ប្រជាជន​ទៅ!»។ គេ​ក៏​សែង​ហិប​ឆ្លង​ទៅ​មុន​ប្រជាជន។
៧  ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្ដើម​ពង្រឹង​អំណាច​របស់​អ្នក​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​ឃើញ ដើម្បី​អោយ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសេ​កាល​ពី​មុន​ដែរ។ ៨ រីឯ​អ្នក​ត្រូវ​បង្គាប់​អោយ​ក្រុម​បូជាចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។ ៩ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ចូរ​មក​នេះ ស្ដាប់​ព្រះបន្ទូល​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​សិន»។ ១០ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «មាន​សញ្ញា​សំគាល់​មួយ​ដែល​នាំ​អោយ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​គង់​នៅ ពិត​ជា​សណ្ឋិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​ពិត​ជា​បណ្ដេញ​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​ហេវី ជន​ជាតិ​ពេរីស៊ីត ជន​ជាតិ​គើរកាស៊ី ជន​ជាតិ​អាម៉ូរី និង​យេប៊ូស​អោយ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​មែន ១១ គឺ​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់​នៃ​ផែនដី​ទាំង​មូល នឹង​ឆ្លង​កាត់​ទន្លេ​យ័រដាន់ នៅ​មុខ​អ្នក​រាល់​គ្នា។ ១២ ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់ពីរ​នាក់ ក្នុង​ចំណោម​កុលសម្ព័ន្ធ​អ៊ីស្រាអែល គឺ​ក្នុង​កុលសម្ព័ន្ធ​នីមួយៗ​ត្រូវ​រើស​យក​ម្នាក់។ ១៣ ពេល​ណា​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល ដាក់​ជើង​ក្នុង​ទឹក​ទន្លេ​យ័រដាន់ ពេល​នោះ ទឹក​ទន្លេ​យ័រដាន់​នឹង​ត្រូវ​ទប់ ឈប់​ហូរ ហើយ​ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​មួយ​កន្លែង»។
១៤ នៅ​គ្រា​ដែល​ប្រជាជន​ចាក​ចេញ​ពី​ជំរំ បម្រុង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី នាំ​គ្នា​ដើរ​នៅ​ខាង​មុខ​ប្រជាជន។ ១៥ ពេល​នោះ ជា​រដូវ​ចំរូត ហើយ​ទឹក​ទន្លេ​យ័រដាន់​ជន់​លិច​ដល់​មាត់​ច្រាំង។ កាល​ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​ទៅ​ដល់​ទន្លេ​យ័រដាន់ ហើយ​ពេល​ពួក​គេ​ដាក់​ជើង​ក្នុង​ទឹក​នៅ​មាត់​ច្រាំង ១៦ ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​ក៏​ឈប់ ប្រមូល​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់​តែ​មួយ​កន្លែង។ ទឹក​នោះ​នៅ​ផ្ដុំ​គ្នា​យ៉ាង​ឆ្ងាយ​ពី​ទី​នោះ គឺ​នៅ​ក្រុង​អដាំ​ជា​ក្រុង​មួយ​នៅ​ជិត​សារថាន។ រីឯ​ទឹក​ដែល​ហូរ​ចុះ​ឆ្ពោះ​ទៅ​សមុទ្រ​អារ៉ាបា​វិញ គឺ​សមុទ្រ​អំបិល​ត្រូវ​កាត់​ផ្ដាច់។ ប្រជាជន​ក៏​នាំ​គ្នា​ឆ្លង​ទន្លេ នៅ​ទល់​មុខ​ក្រុង​យេរីខូ។ ១៧ នៅ​ពេល​ដែល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដើរ​កាត់​បាត​ទន្លេ​យ័រដាន់ ក្រុម​បូជាចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធមេត្រី​របស់​ព្រះអម្ចាស់ នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ដល់​ប្រជាជាតិ​ទាំង​មូល​ឆ្លង​ផុត​ទន្លេ​យ័រដាន់។