១៩
ព្រះ​ដំបូន្មាន​អំពី​រឿង​លែងលះ​ប្ដី​ប្រពន្ធ
(ម៉ាកុស ១០:១-១២ លូកា ១៦:១៨)
១ កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ចាក​ចេញ​ពី​ស្រុក​កាលីឡេ យាង​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ក្នុង​ស្រុក​យូដា។ ២ មហាជន​ច្រើន​កុះករ​នាំ​គ្នា​មក​តាម​ព្រះអង្គ ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​អោយ​បាន​ជា​នៅ​ទី​នោះ។ ៣ មាន​ពួក​ខាង​គណៈ​ផារីស៊ី*​ចូល​មក​ជិត ហើយ​ទូល​សួរ​ក្នុង​គោល​បំណង​ល្បងល​មើល​ព្រះអង្គ​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ ៤ ព្រះអង្គ​មាន​ព្រះបន្ទូល​តប​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គម្ពីរ​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង​ព្រះអាទិករ* បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ត្រី ៥ រួច​ព្រះអង្គ​មាន​ព្រះបន្ទូល​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” ៦ គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូស្រករ ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»។ ៧ ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​អោយ​ស្វាមី​ធ្វើ​លិខិត​លែងលះ​ភរិយា?»។ ៨ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹងរូស​ តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។ ៩ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ)​ ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។
១០ សិស្ស*​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «បើ​មាន​លក្ខខណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀបការ​ប្រសើរ​ជាង»។ ១១ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​រូប​ពុំ​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ គឺ​មាន​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រោស​ប្រទាន​អោយ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ ១២ អ្នក​ខ្លះ​មិន​អាច​រៀបការ​បាន​តាំង​ពី​កំណើត​មក​។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀបការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀបការ​មក​ពី​យល់​ដល់​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះគិត​អោយ​យល់​ចុះ!»។
ព្រះយេស៊ូ​ប្រទាន​ពរ​ដល់​ក្មេងៗ
(ម៉ាកុស ១០:១៣-១៦ លូកា ១៨:១៥-១៧)
១៣ មាន​មនុស្សម្នា​នាំ​ក្មេង​តូចៗ មក​អោយ​ព្រះយេស៊ូ​ដាក់​ព្រះហស្ដ​លើ​វា និង​អធិស្ឋាន*​អោយ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ ១៤ តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «ទុក​អោយ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​ចូល​ក្នុង​ព្រះរាជ្យ* នៃ​ស្ថាន​បរមសុខ​បាន»។ ១៥ បន្ទាប់​មក ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេង​ទាំង​នោះ រួច​ទ្រង់​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់កល្ប​ជានិច្ច
(ម៉ាកុស ១០:១៧-៣១ លូកា ១៨:១៨-៣០)
១៦ ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «លោក​គ្រូ! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​អោយ​មាន​ជីវិត​អស់កល្ប​ជានិច្ច?»។ ១៧ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ព្រះជាម្ចាស់​មួយ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្តិ​តាម​បទ​បញ្ជា*​ទៅ»។ ១៨ គាត់​ទូល​សួរ​ព្រះអង្គ​ថា៖ «បទបញ្ជា​អ្វី​ខ្លះ?»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​អោយ​គេ​មាន​ទោស ១៩  ចូរ​គោរព​មាតាបិតាចូរ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»។ ២០ យុវបុរស​នោះ​ទូល​ព្រះអង្គ​ថា៖ «ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទបញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ ២១ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​អោយ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សួគ៌ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។ ២២ កាល​យុវបុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ត ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​ណាស់។
២៣ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស*​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​មាន ពិបាក​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​នៃ​ស្ថាន​បរមសុខ*​ណាស់!។ ២៤ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន​បរមសុខ​ទៅ​ទៀត»។ ២៥ កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះ?»។ ២៦ ព្រះយេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះបន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​ព្រះជាម្ចាស់​វិញ អ្វី​ក៏​ដោយ​ព្រះអង្គ​ធ្វើ​កើត​ទាំង​អស់»។ ២៧ ពេល​នោះ លោក​ពេត្រុស*​ទូល​ព្រះអង្គ​ថា៖ «ព្រះអង្គ​ទត​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះបង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​ព្រះអង្គ។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។ ២៨ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រ​មនុស្ស*​គង់​លើ​បល្ល័ង្ក​ប្រកប​ដោយ​សិរីរុងរឿង អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់ពីរ ហើយ​គ្រប់គ្រង​លើ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​ផង។ ២៩ អ្នក​ណា​លះបង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចំការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ​ ព្រម​ទាំង​មាន​ជីវិត​អស់កល្ប​ជានិច្ច។ ៣០ មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។