២០
ប្រស្នាអំពីកម្មករចំការទំពាំងបាយជូរ
១ «ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបាននឹងម្ចាស់ចំការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចំការទំពាំងបាយជូររបស់គាត់។
២ គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងអោយប្រាក់មួយដួង*ក្នុងមួយថ្ងៃ ហើយចាត់គេអោយទៅធ្វើការក្នុងចំការ។
៣ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។
៤ គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ ខ្ញុំនឹងអោយប្រាក់ឈ្នួលត្រឹមត្រូវ”។
៥ អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចំការ។ ម្ចាស់ចំការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។
៦ ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?”
៧ ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏ពោលទៅអ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចំការខ្ញុំដែរទៅ”។
៨ លុះដល់ល្ងាច ម្ចាស់ចំការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់អោយគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។
៩ ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួង*ៗ។
១០ ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរ ហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចៗគ្នា។
១១ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចំការថា
១២ “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់អោយគេស្មើនឹងយើងខ្ញុំដែរ!”។
១៣ ម្ចាស់ចំការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការអោយខ្ញុំមួយដួងក្នុងមួយថ្ងៃ មែនឬមិនមែន!
១៤ ចូរយកប្រាក់ឈ្នួលរបស់អ្នកហើយចេញទៅចុះ! ខ្ញុំចង់អោយអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។
១៥ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្តសប្បុរស?”។
១៦ ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
ព្រះយេស៊ូប្រកាសអំពីព្រះអង្គចូលទិវង្គត
(ម៉ាកុស ១០:៣២-៣៤ លូកា ១៨:៣១-៣៤)
១៧ កាលព្រះយេស៊ូកំពុងយាងឡើងទៅក្រុងយេរូសាឡឹម ព្រះអង្គនាំសិស្ស*ទាំងដប់ពីររូបទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖
១៨ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ ដៃរបស់ពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*គេនឹងកាត់ទោសប្រហារជីវិតលោក។
១៩ គេនឹងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីអោយពួកនោះចំអកដាក់លោក យករំពាត់វាយលោក ព្រមទាំងឆ្កាងសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។
សំណូមពររបស់ម្ដាយលោកយ៉ាកុប និងលោកយ៉ូហាន
(ម៉ាកុស ១០:៣៥-៤៥ លូកា ២២:២៤-២៧)
២០ ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូចង់ទូលសុំអ្វីមួយ។
២១ ព្រះអង្គមានព្រះបន្ទូលសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ទូលព្រះអង្គវិញថា៖ «ដល់ពេលព្រះអង្គគ្រងរាជ្យ សូមអោយកូនរបស់ខ្ញុំម្ចាស់បានអង្គុយអមព្រះអង្គផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។
២២ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ លោកយ៉ាកុប និងលោកយ៉ូហានទូលថា៖ «យើងខ្ញុំអាចទទួលបាន»។
២៣ ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសំរេចអោយឡើយ ព្រោះកន្លែងនោះបម្រុងទុកសំរាប់តែអស់អ្នកដែលព្រះបិតារបស់ខ្ញុំ បានសំរេចអោយប៉ុណ្ណោះ»។
២៤ កាលសិស្ស*ដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នេះណាស់។
២៥ ព្រះយេស៊ូត្រាស់ហៅសិស្សទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ត្ររបស់ខ្លួនដែរ។
២៦ ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវអោយអ្នកនោះបំរើអ្នករាល់គ្នាវិញ។
២៧ បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបំរើរបស់អ្នករាល់គ្នាសិន។
២៨ បុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីអោយគេបំរើលោកទេ គឺលោកមកបំរើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង»។
ព្រះយេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់អោយភ្លឺ
(ម៉ាកុស ១០:៤៦-៥២ លូកា ១៨:៣៥-៤៣)
២៩ កាលព្រះយេស៊ូយាងចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ
៣០ ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។
៣១ បណ្ដាជនគំរាមអ្នកទាំងពីរអោយនៅស្ងៀម ប៉ុន្តែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។
៣២ ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់អោយខ្ញុំធ្វើអ្វី?»។
៣៣ គេទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមប្រោសអោយភ្នែកយើងខ្ញុំបានភ្លឺផង»។
៣៤ ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ ព្រះអង្គក៏ពាល់ភ្នែកគេ។ រំពេចនោះ គេមើលឃើញភ្លាម ហើយនាំគ្នាដើរតាមព្រះយេស៊ូទៅ។