១០១
ពាក្យ​សន្យា​របស់​ព្រះរាជា
ទំនុកតម្កើង​របស់​ស្ដេច​ដាវីឌ។
១ ទូលបង្គំ​នឹង​ច្រៀង​រៀប​រាប់
អំពី​ព្រះហឫទ័យ​មេត្តាករុណា និង​យុត្តិធម៌
ព្រះអម្ចាស់​អើយ
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ។
២ ទូលបង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់
អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ
យាង​មក​រក​ទូលបង្គំ?
ទូលបង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូលបង្គំ
ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។
៣ ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់
ណា​មួយ​ជា​ដាច់​ខាត
ទូលបង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្បកិរិយា
របស់​អស់​អ្នក​ដែល​ក្បត់​ព្រះអង្គ​ឡើយ
គឺ​ទូលបង្គំ​មិន​ចង់​ជាប់​ពាក់ព័ន្ធ
នឹង​អាកប្បកិរិយា​បែប​នេះ​ទេ។
៤ ទូលបង្គំ​មិន​ទុក​អោយ​មនុស្ស
ដែល​មាន​ចិត្ត​វៀចវេរ
ចូល​ជិត​ទូលបង្គំ​បាន​ឡើយ
ហើយ​ទូលបង្គំ​ក៏​មិន​ទាក់ទង​នឹង​អ្វីៗ
ដែល​អាក្រក់​ដែរ។
៥ ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់
ពី​ក្រោយ​ខ្នង​បង​ប្អូន​របស់​ខ្លួន
ទូលបង្គំ​នឹង​មិន​យោគយល់​ដល់​អស់​អ្នក
ដែល​វាយឫក​ខ្ពស់
ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។
៦ ទូលបង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត
ស្មោះ​ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូលបង្គំ
ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូលបង្គំ​នឹង​អោយ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូលបង្គំ។
៧ រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូលបង្គំ​មិន​អនុញ្ញាត
អោយ​រស់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ឡើយ
ហើយ​អ្នក​និយាយ​កុហក
ក៏​មិន​អាច​នៅ​ជិត​ទូលបង្គំ​បាន​ដែរ។
៨ រាល់​ព្រឹក​ទូលបង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់
ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូលបង្គំ​ដក​ពួក​ទុច្ចរិត
ចេញ​ពី​ទីក្រុង​របស់​ព្រះអម្ចាស់