១០២
នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះភក្ត្រ​ឡើយ!
ពាក្យ​អធិស្ឋាន​របស់​ជន​ទុគ៌ត នៅ​ពេល​អស់​សង្ឃឹម គេ​ចូល​មក​ទូលអង្វរ​ព្រះអម្ចាស់
១ ឱ​ព្រះអម្ចាស់​អើយ
សូម​ព្រះសណ្ដាប់​ពាក្យ
ទូលអង្វរ​របស់​ទូលបង្គំ
សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ
ស្រែក​អង្វរ​នេះ​ផង!
២ នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន
សូម​កុំ​លាក់​ព្រះភក្ត្រ​ឡើយ!
នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ទូលបង្គំ​ផង!
សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!
៣ ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅ
ដូច​ជា​ផ្សែង
ហើយ​ខ្លួន​ប្រាណ​ទូលបង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។
៤ ទូលបង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួត
សូម្បី​តែ​អាហារ​ក៏​ទូលបង្គំ​លែង​នឹកនា​ទៀត​ដែរ។
៥ ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជានិច្ច
ទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង
៦ ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែក
នៅ​វាល​រហោស្ថាន
ឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។
៧ ទូលបង្គំ​នៅ​ទន្ទឹង​រង់ចាំ​ប្រៀប​ដូច​ជា
សត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។
៨ រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ
នាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំ
ពួក​គេ​ចំអក​ឡកឡឺយ​អោយ​ទូលបង្គំ
ហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។
៩ ទូលបង្គំ​បរិភោគ​ទាំង​ទុក្ខ​សោក​
ទូលបង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក
១០ ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
នឹង​ទូលបង្គំ​យ៉ាង​ខ្លាំង
ព្រះអង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។
១១ អាយុ​ជីវិត​ទូលបង្គំ​ប្រៀប​ដូច​ជា​ស្រមោល
នៅ​ពេល​ល្ងាច
និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។
 
១២ រីឯ​ព្រះអង្គ​វិញ ឱ​ព្រះអម្ចាស់​អើយ
ព្រះអង្គ​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច
គេ​នឹង​រំលឹក​ពី​ព្រះអង្គ​អស់កល្ប
ជា​អង្វែង​ត​រៀង​ទៅ។
១៣ ដោយ​ព្រះអង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូន
ព្រះអង្គ​មុខ​ជា​ក្រោក​ឡើង
ព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះអង្គ
ត្រូវ​ប្រណីសន្ដោស​ក្រុង​នេះ​ហើយ។
១៤ យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
យើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់
សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះ
ក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។
១៥ សូម​អោយ​ប្រជាជាតិ​នានា​កោត​ខ្លាច
ព្រះនាម​របស់​ព្រះអម្ចាស់
ហើយ​អោយ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី
កោត​ខ្លាច​សិរីរុងរឿង​របស់​ព្រះអង្គ!
១៦ ពេល​ព្រះអម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញ
ព្រះអង្គ​នឹង​សំដែង​សិរីរុងរឿង​អោយ​គេ​ឃើញ។
១៧ ព្រះអង្គ​បែរ​ព្រះភក្ត្រ​ទត​ទៅ​មនុស្ស​ទុគ៌ត
ព្រះអង្គ​លែង​ព្រងើយ​កន្តើយ
នឹង​ពាក្យ​ទូលអង្វរ​របស់​គេ​ទៀត​ហើយ។
១៨ ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក
អោយ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង
ដើម្បី​អោយ​ប្រជារាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញ
នាំ​គ្នា​សរសើរ​តម្កើង​ព្រះអម្ចាស់!
១៩ ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក
ព្រះអម្ចាស់​ទត​ពី​ស្ថាន​បរមសុខ​មើល​មក​ផែនដី
២០ ដើម្បី​ស្ដាប់​សំរែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំឃាំង
និង​ដើម្បី​រំដោះ​អស់​អ្នក
ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។
២១ ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះកិត្តិនាម
របស់​ព្រះអម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូន
គេ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម
២២ គឺ​នៅ​ពេល​ដែល​ប្រជាជាតិ​នានា​មក​ជួបជុំ​គ្នា
ហើយ​ប្រជាជន​ពី​នគរ​ទាំងឡាយ
នាំ​គ្នា​គោរព​បំរើ​ព្រះអម្ចាស់
 
២៣ ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយ
ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ទន់​ជង្គង់
ព្រះអង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។
២៤ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះអង្គ​ថា
«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ
ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ
ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ
សូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែល
ទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។
២៥ ព្រះអង្គ​បាន​បង្កើត​ផែនដី
តាំង​ពី​យូរលង់​ណាស់​មក​ហើយ
ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះហស្ដ
របស់​ព្រះអង្គ​ដែរ។
២៦ ផ្ទៃ​មេឃ និង​ផែនដី នឹង​វិនាស​សូន្យ​ទៅ
រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ
ផ្ទៃ​មេឃ និង​ផែនដី នឹង​រិចរឹល​ទៅ
ដូច​សំលៀកបំពាក់
ព្រះអង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សំលៀកបំពាក់
ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។
២៧ ចំពោះ​ព្រះអង្គ​វិញ ព្រះអង្គ​នៅ​តែ​ដដែល
ព្រះជន្មាយុ​របស់​ព្រះអង្គ​គ្មាន​ទី​បញ្ចប់​ទេ។​
២៨ កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
នឹង​រស់​នៅ​ដោយ​សុខសាន្ត
ហើយ​ព្រះអង្គ​នឹង​ថែរក្សា​កូន​ចៅ​របស់​គេ
រហូត​ត​ទៅ។