១១១
ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់
១ ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់!
ខ្ញុំ​នឹង​លើក​តម្កើង​ព្រះអម្ចាស់
យ៉ាង​អស់​ពី​ចិត្ត
នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។
២  ព្រះអម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ឧត្ដុង្គឧត្ដម
ហើយ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ស្នា​ព្រះហស្ដ​នេះ
នាំ​គ្នា​ស្វែង​យល់។
៣ ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ​ប្រកប​ទៅ​ដោយ
រស្មី​ភ្លឺ​ចិញ្ចែងចិញ្ចាច
សេចក្ដី​សុចរិត​របស់​ព្រះអង្គ
នៅ​ស្ថិតស្ថេរ​រហូត​ត​ទៅ។
៤ ព្រះអង្គ​សព្វ​ព្រះហឫទ័យ​អោយ​យើង
នឹក​ដល់​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ
ព្រះអម្ចាស់​តែងតែ​ប្រណីសន្ដោស
ហើយ​ប្រកប​ដោយ​ព្រះហឫទ័យ​អាណិត​អាសូរ។
៥ ព្រះអង្គ​ប្រទាន​អាហារ​អោយ​អស់​អ្នក
ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ
ព្រះអង្គ​តែង​នឹក​ដល់​សម្ពន្ធមេត្រី
របស់​ព្រះអង្គ​ជានិច្ច។
៦ ព្រះអង្គ​សំដែង​ឫទ្ធានុភាព
អោយ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឃើញ
តាម​រយៈ​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ
គឺ​ប្រគល់​ទឹក​ដី​របស់​ប្រជាជាតិ​នានា
អោយ​ពួក​គេ។
៧ ស្នា​ព្រះហស្ដ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ពិត
និង​ប្រាកដ​ប្រជា
ព្រះឱវាទ​របស់​ព្រះអង្គ
គួរ​អោយ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។
៨ ព្រះបញ្ជា​ទាំង​នោះ​នៅ​ស្ថិតស្ថេរ​រហូត
ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល
ដោយ​សេចក្ដី​ពិត និង​ត្រឹម​ត្រូវ។
៩ ព្រះអង្គ​បាន​រំដោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ
អោយ​មាន​សេរីភាព
ព្រះអង្គ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ
ប្រជារាស្ត្រ​របស់​ព្រះអង្គ​រហូត​ត​ទៅ
ព្រះនាម​របស់​ព្រះអង្គ​ជា​ព្រះនាម​ដ៏វិសុទ្ធ
គួរ​អោយ​កោត​ស្ញប់ស្ញែង។
១០ ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់
ជា​ប្រភព​នៃ​ប្រាជ្ញា
អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ
តែងតែ​ដឹង​ខុស​ត្រូវ។
សូម​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ!