១១២
មនុស្សល្អមិនដែលរង្គើទេ
១ ចូរសរសើរតម្កើងព្រះអម្ចាស់!
អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់
ហើយពេញចិត្តនឹងគោរពតាមព្រះបញ្ជា
របស់ព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
២ ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក
ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ
ដល់មនុស្សទៀងត្រង់។
៣ នៅក្នុងផ្ទះរបស់អ្នកនោះ
នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ
សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
៤ ក្នុងទីងងឹត មានពន្លឺលេចឡើង
បំភ្លឺមនុស្សទៀងត្រង់
ដែលមានចិត្តប្រណីសន្ដោស
អាណិតមេត្តា និងសុចរិត។
៥ អ្នកណាមានចិត្តទូលាយ
ហើយយករបស់ខ្លួនអោយគេខ្ចី
ព្រមទាំងរកស៊ីដោយទៀងត្រង់
អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
៦ មនុស្សល្អនឹងបានសុខជានិច្ច
គេនឹងរំលឹកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។
៧ គាត់នឹងមិនខ្លាចនរណានិយាយអាក្រក់
ពីគាត់សោះឡើយ
គាត់មានចិត្តរឹងប៉ឹង
ហើយផ្ញើជីវិតលើព្រះអម្ចាស់ទាំងស្រុង។
៨ គាត់មានចិត្តនឹងន ឥតភ័យខ្លាចអ្វីទាំងអស់
រហូតទាល់តែបានឃើញខ្មាំងសត្រូវបរាជ័យ។
៩ គាត់តែងចែកទានអោយអ្នកក្រដោយចិត្តទូលាយ
សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ
ហើយគាត់ចំរើនកម្លាំងកាន់តែរុងរឿងឡើងៗ។
១០ ពេលមនុស្សអាក្រក់ឃើញដូច្នេះ
ក៏មានចិត្តទោមនស្ស គេសង្កៀតធ្មេញ
ហើយរលាយសូន្យទៅ មនុស្សអាក្រក់
ពុំដែលបានសំរេចដូចបំណងឡើយ។