១២
ព្រះអម្ចាស់​អើយ​សូម​ជួយ​ផង!
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង កំដរ​ដោយ​ពិណ​ប្រាំបី​ខ្សែ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ
សូម​ជួយ​សង្គ្រោះ​ផង!
ដ្បិត​លែង​មាន​មនុស្ស​ទៀង​ត្រង់​ទៀត​ហើយ
រីឯ​មនុស្ស​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​ចំណោម
មនុស្ស​លោក ក៏​បាត់​បង់​អស់​ដែរ។
២ ម្នាក់ៗ​គិត​តែ​និយាយ​មួល​បង្កាច់​គ្នា
ទៅ​វិញ​ទៅ​មក
គេ​និយាយ​សុទ្ធ​តែ​ពាក្យ​បញ្ចើចបញ្ចើ​ដាក់​គ្នា
តែ​មាន​ចិត្ត​មិន​ទៀង។
 
៣ សូម​ព្រះអម្ចាស់​បំបិទ​មាត់​ដែល​ចេះ​តែ​ពោល
ពាក្យ​បញ្ចើចបញ្ចើ និង​កាត់​អណ្ដាត
ដែល​ចេះ​តែ​និយាយ​យ៉ាង​ព្រហើន​នោះ​ទៅ។
៤ ពួក​គេ​ពោល​ថា «ដោយសារ​អណ្ដាត​របស់​យើង
យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ!
យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ
គ្មាន​នរណា​ត្រួតត្រា​លើ​យើង​ទេ»។
 
៥ ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត
ត្រូវ​គេ​ជិះជាន់
និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖
«ឥឡូវ​នេះ​យើង​ត្រូវ​តែ​ក្រោក​ឡើង
យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ
មើលងាយ បន្ទាប​បន្ថោក»។
 
៦ ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ជា​ព្រះបន្ទូល​ដ៏​បរិសុទ្ធ*
គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត
ក្នុង​ឡ​ប្រាំពីរ​ដង​ទៅ​ទៀត។
៧  ព្រះអម្ចាស់​អើយ
ព្រះអង្គ​ធ្វើ​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ជានិច្ច
ព្រះអង្គ​នឹង​ការពារ​យើង​ខ្ញុំ​អោយ​រួច
ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​រហូត​ត​ទៅ
៨ ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំវិញ​យើង​ខ្ញុំ
ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស
កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។