១៣
ពាក្យ​អង្វរ​សូម​ព្រះអម្ចាស់​ជួយ​សង្គ្រោះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ឱ​ព្រះអម្ចាស់​អើយ
តើ​ព្រះអង្គ​នៅ​តែ​ភ្លេច​ទូលបង្គំ
ដល់​ពេល​ណា?
តើ​ព្រះអង្គ​នៅ​តែ​មិន​ព្រម​ទត​មើល
មក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?
២ តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត
ដល់​ពេល​ណា​ទៅ?
តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ
ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់?
តើ​ខ្មាំង​សត្រូវ​មាន​ជ័យជំនះ​លើ​ទូលបង្គំ
ដល់​កាល​ណា​ទៀត?
 
៣ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ
សូម​ទត​មក​ទូលបង្គំ
ហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង!
សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ
កុំ​ទុក​អោយ​ទូលបង្គំ​ស្លាប់​ឡើយ
៤ ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ពោល​ថា
«អញ​បាន​ឈ្នះ​វា​ហើយ!»
ហើយ​បច្ចាមិត្ត​របស់​ទូលបង្គំ​នាំ​គ្នា ត្រេក​អរ​សប្បាយ
ព្រោះ​តែ​ទូលបង្គំ​បរាជ័យ។
 
៥ ចំពោះ​ទូលបង្គំ​វិញ ទូលបង្គំ​ទុក​ចិត្ត
លើ​ព្រះហឫទ័យ​ស្មោះត្រង់​របស់​ព្រះអង្គ
ចិត្ត​ទូលបង្គំ​ត្រេក​អរ​សប្បាយ
ព្រោះ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ។
៦ ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ព្រះអម្ចាស់
ដោយ​ព្រះអង្គ​បាន​ប្រោសប្រណី​ដល់​ទូលបង្គំ។