១២៣
ទូលបង្គំ​ទន្ទឹង​រង់ចាំ​ព្រះអង្គ
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ ឱ​ព្រះអម្ចាស់​ដែល​គង់​នៅ
ស្ថាន​បរមសុខ​អើយ
ទូលបង្គំ​ងើប​មុខ​ឡើង​សម្លឹង​ទៅ​រក​ព្រះអង្គ។
២ យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះជាអម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់ចាំ​ព្រះអង្គ​ប្រណីសន្ដោស
ដូច​អ្នក​បំរើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បំរើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រី
របស់​ខ្លួន​យ៉ាង​នោះ​ដែរ។
 
៣ ឱ​ព្រះអម្ចាស់​អើយ សូម​ប្រណីសន្ដោស​យើង​ខ្ញុំ
សូម​ប្រណីសន្ដោស​យើង​ខ្ញុំ​ផង
ដ្បិត​យើង​ខ្ញុំ​ត្រូវ​គេ​ប្រមាថ​ខ្លាំង​ណាស់។
៤ យើង​ខ្ញុំ​ពុំ​អាច​ទ្រាំទ្រ
នឹង​ការ​មើលងាយ​ពី​សំណាក់​មនុស្ស​ព្រហើន
ព្រម​ទាំង​ការ​ប្រមាថ​ពី​សំណាក់​មនុស្ស​វាយឫក​ខ្ពស់
បាន​ទៀត​ឡើយ។