១២៤
ប្រសិន​បើ​គ្មាន​ព្រះអម្ចាស់​នៅ​ខាង​យើង
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ ប្រសិន​បើ​គ្មាន​ព្រះអម្ចាស់
នៅ​ខាង​យើង​ទេ​នោះ
- សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​តាម​ថា: -
២ ប្រសិន​បើ​គ្មាន​ព្រះអម្ចាស់​នៅ​ខាង​យើង​ទេ​នោះ
ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង
៣ ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង​ជា​ខ្លាំង
មក​លើ​យើង
ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន
៤ យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ
ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់
៥ ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។
៦ ក៏​ប៉ុន្តែ សូម​អរ​ព្រះគុណ​ព្រះអម្ចាស់
ដ្បិត​ព្រះអង្គ​ពុំ​បាន​ប្រគល់​យើង
ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ
ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម
របស់​ពួក​គេ​នោះ​ឡើយ។
៧ យើង​បាន​រួច​ជីវិត ដូច​បក្សាបក្សី
គេច​ផុត​ពី​លប់​របស់​ព្រាន
គឺ​លប់​បាន​ធ្លុះធ្លាយ ហើយ​យើង​ក៏​រត់​រួច។
៨  ព្រះអម្ចាស់​ផ្ទាល់​បាន​ជួយ​យើង
ដោយ​ព្រះនាម​ព្រះអង្គ
គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។