១៤
អ្នក​ជឿ​នៅ​ក្នុង​ចំណោម​មនុស្ស​ពាល
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ស្ដេច​ដាវីឌ។
១ មនុស្ស​ល្ងីល្ងើ​គិត​ក្នុង​ចិត្ត​ថា
«គ្មាន​ព្រះជាម្ចាស់​ទាល់​តែ​សោះ!»
គេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប
និង​កិច្ចការ​ផ្សេងៗ​គួរ​អោយ​ស្អប់​ខ្ពើម
គឺ​គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។
២  ព្រះអម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មក
ពិនិត្យ​មើល​មនុស្ស​លោក
ព្រះអង្គ​រក​មើល​ក្រែង​លោ​មាន​នរណា​ម្នាក់
ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះជាម្ចាស់។
៣ ក៏​ប៉ុន្តែ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង​ចេញ​ឆ្ងាយ
ពី​ព្រះជាម្ចាស់
ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ខិលខូច
គ្មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ
សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង។​
៤ តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
សុទ្ធ​តែ​ជា​មនុស្ស​ល្ងង់​ឬ?
អ្នក​ទាំង​នោះ​ចិញ្ចឹម​ជីវិត
ដោយ​ជិះជាន់​ប្រជារាស្ត្រ​របស់​យើង
គេ​មិន​អង្វរ​រក​ព្រះអម្ចាស់​ទាល់​តែ​សោះ។
៥ អ្នក​ទាំង​នោះ​ភ័យ​ញ័រ​ជា​ខ្លាំង
ដោយ​ព្រះជាម្ចាស់​ជួយ​គាំទ្រ​ក្រុម​មនុស្ស​សុចរិត។
៦ «អ្នក​រាល់​គ្នា​បាន​ធ្វើ​អោយ​មនុស្ស​ទុគ៌ត
បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន
ប៉ុន្តែ ព្រះអម្ចាស់​ធ្វើ​ជា​ជំរក​របស់​គេ។
 
៧ សូម​អោយ​អ៊ីស្រាអែល​បាន​ទទួល
ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។
នៅ​ពេល​ដែល​ព្រះអម្ចាស់​នាំ​ប្រជាជន​របស់​ព្រះអង្គ
អោយ​ងើប​មុខ​ឡើង​វិញ
ពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក​អរ​សប្បាយ
ពូជ​របស់​លោក​អ៊ីស្រាអែល​នឹង​មាន​អំណរ
លើសលប់»។