១៤២
មានតែព្រះអង្គទេដែលជាទីជំរករបស់ទូលបង្គំ
កំណាព្យរបស់ស្ដេចដាវីឌ។ រំលឹកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។ ពាក្យអធិស្ឋាន។
១ ខ្ញុំបន្លឺសំឡេង
ស្រែកអង្វរព្រះអម្ចាស់
ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះអម្ចាស់។
២ ខ្ញុំទូលព្រះអង្គអោយជ្រាប
អំពីពាក្យត្អូញត្អែររបស់ខ្ញុំ
ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះអង្គ។
៣ ពេលទូលបង្គំបាក់ទឹកចិត្ត
ព្រះអង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។
ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ
ដែលទូលបង្គំដើរ។
៤ សូមទតមើលជុំវិញទូលបង្គំមើល៍
គ្មាននរណាម្នាក់អើពើនឹងទូលបង្គំទេ
ទូលបង្គំគ្មានកន្លែងជ្រកកោន
ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងទូលបង្គំដែរ។
៥ ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ:
ព្រះអង្គជាជំរករបស់ទូលបង្គំ
នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មាន
អ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
៦ សូមយកព្រះហឫទ័យទុកដាក់
នឹងសំរែករបស់ទូលបង្គំផង
ដ្បិតទូលបង្គំទាល់ច្រកហើយ
សូមរំដោះទូលបង្គំអោយរួចផុត
ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ
ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។
៧ សូមដោះលែងទូលបង្គំអោយមានសេរីភាព
ដើម្បីអោយទូលបង្គំលើកតម្កើង ព្រះនាមព្រះអង្គ
ក្នុងអង្គប្រជុំនៃប្រជារាស្ត្ររបស់ព្រះអង្គ
ព្រោះព្រះអង្គប្រណីសន្ដោសដល់ទូលបង្គំ។