១៤៣
សូមកុំប្រកាន់ទោសទូលបង្គំឡើយ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ
សូមទ្រង់ព្រះសណ្ដាប់ពាក្យ
អធិស្ឋានរបស់ទូលបង្គំផង
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ
ទទូចអង្វររបស់ទូលបង្គំ!
សូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យ
សុចរិតដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ។
២ សូមកុំយកទូលបង្គំ
ដែលជាអ្នកបំរើរបស់ព្រះអង្គទៅកាត់ក្ដីឡើយ
ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ
ព្រះភក្ត្ររបស់ព្រះអង្គទេ។
៣ ខ្មាំងសត្រូវតាមយាយីទូលបង្គំ
គេជាន់ឈ្លីជីវិតទូលបង្គំ
គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត
ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។
៤ ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។
៥ ទូលបង្គំនឹកទៅដល់ជំនាន់ដើម
ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន
ដែលព្រះអង្គបានធ្វើ
ទូលបង្គំពិចារណាអំពីស្នាព្រះហស្ដរបស់ព្រះអង្គ។
៦ ទូលបង្គំលើកដៃអង្វរព្រះអង្គ
ទូលបង្គំនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គ
ប្រៀបដូចជាដីហួតហែង។
- សំរាក
៧ ឱព្រះអម្ចាស់អើយ
សូមឆ្លើយតបមកទូលបង្គំជាប្រញាប់
ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ!
សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ
ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
៨ សូមសំដែងអោយទូលបង្គំស្គាល់ព្រះហឫទ័យ
មេត្តាករុណារបស់ព្រះអង្គតាំងពីព្រលឹម
ដ្បិតទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ។
សូមប្រោសប្រទានអោយទូលបង្គំស្គាល់ផ្លូវ
ដែលទូលបង្គំត្រូវដើរ
ដ្បិតទូលបង្គំផ្ចង់ចិត្តទៅរកព្រះអង្គ។
៩ ឱព្រះអម្ចាស់អើយ
សូមរំដោះទូលបង្គំអោយរួចពីខ្មាំងសត្រូវ
ទូលបង្គំមកជ្រកកោននៅក្បែរព្រះអង្គ។
១០ សូមបង្រៀនទូលបង្គំអោយធ្វើតាមព្រះហឫទ័យ
របស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ
សូមព្រះវិញ្ញាណដ៏សប្បុរសរបស់ព្រះអង្គដឹកនាំ
ទូលបង្គំអោយដើរ
ក្នុងមាគ៌ាដែលគ្មានឧបសគ្គ។
១១ ឱព្រះអម្ចាស់អើយ
សូមប្រទានអោយទូលបង្គំមានជីវិតឡើងវិញ
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
សូមនាំទូលបង្គំចេញពីភាពអាសន្ន
ដោយព្រះហឫទ័យដ៏សុចរិតរបស់ព្រះអង្គ!
១២ ដោយព្រះអង្គមានព្រះហឫទ័យមេត្តា
ករុណាចំពោះទូលបង្គំ
សូមកំទេចខ្មាំងសត្រូវ និងបច្ចាមិត្ត
ទាំងប៉ុន្មានរបស់ទូលបង្គំ
អោយវិនាសសូន្យទៅ
ដ្បិតទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ។