១៤៤
ពាក្យ​អធិស្ឋាន​របស់​ព្រះរាជា
ទំនុក​របស់​ស្ដេច​ដាវីឌ។
១ សូម​លើក​តម្កើង​ព្រះអម្ចាស់
ដែល​ជា​ថ្មដា​របស់​ខ្ញុំ
ព្រះអង្គ​បង្រៀន​ខ្ញុំ​អំពី​យុទ្ធសាស្ត្រ
ហើយ​ហ្វឹកហ្វឺន​ខ្ញុំ​ដើម្បី​ធ្វើ​សឹក។
២ ព្រះអង្គ​សំដែង​ព្រះហឫទ័យ​មេត្តាករុណា
ចំពោះ​ខ្ញុំ ព្រះអង្គ​ជួយ​ការពារ​ខ្ញុំ
ព្រះអង្គ​ជា​ទី​ជំរក​ដ៏​រឹងមាំ​របស់​ខ្ញុំ ព្រះអង្គ​រំដោះ​ខ្ញុំ
ព្រះអង្គ​ជា​ខែល​ការពារ​ខ្ញុំ
ខ្ញុំ​តែង​មក​ជ្រក​កោន​នឹង​ព្រះអង្គ​ជានិច្ច
ព្រះអង្គ​ប្រគល់​ប្រជាជាតិ​នានា​មក​ក្រោម
អំណាច​របស់​ខ្ញុំ
៣ ឱ​ព្រះអម្ចាស់​អើយ តើ​មនុស្ស​ជា​អ្វី បាន​ជា​ព្រះអង្គ
យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?
តើ​មនុស្ស​លោក​ជា​អ្វី
បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ?​
៤ មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ
អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល
ដែល​តែងតែ​រសាត់​បាត់​ទៅ។
៥ ឱ​ព្រះអម្ចាស់​អើយ សូម​ផ្អៀង​ផ្ទៃ​មេឃ
របស់​ព្រះអង្គ ហើយ​យាង​ចុះ​មក!
សូម​ពាល់​ភ្នំ ដើម្បី​អោយ​មាន​ផ្សែង​ហុយ​ឡើង។
៦ សូម​ព្រះអង្គ​ធ្វើ​អោយ​មាន​ផ្លេក​បន្ទោរ
កំចាត់កំចាយ​ខ្មាំង​សត្រូវ
សូម​បាញ់​ព្រួញ​របស់​ព្រះអង្គ​បំបាក់​ទ័ព​ពួក​គេ។
៧ សូម​លាត​ព្រះហស្ដ​ពី​ស្ថាន​លើ​មក​រំដោះ​ទូលបង្គំ
សូម​ស្រង់​ទូលបង្គំ​អោយ​ចេញ​ផុត​ពី​ទឹក​សមុទ្រ
សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អំណាច
របស់​ជន​បរទេស​ទាំង​នេះ​ផង។
៨ ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ
ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ
សម្បថ​របស់​ខ្លួន​ដែរ។
៩ ឱ​ព្រះជាម្ចាស់​អើយ
ទូលបង្គំ​សូម​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ
ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអង្គ
ដោយ​លេង​ឃឹម​កំដរ​ផង។
១០ ព្រះអម្ចាស់​សង្គ្រោះ​ស្ដេច​នានា
ព្រះអង្គ​រំដោះ​ដាវីឌ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
អោយ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។
១១ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ពី​អំណាច
របស់​ជន​បរទេស​ទាំង​នេះ​ផង
ពួក​គេ​មិន​ដែល​និយាយ​ពាក្យ​ពិត​ទេ
ហើយ​ក៏​មិន​ដែល​គោរព​ពាក្យ
សម្បថ​របស់​ខ្លួន​ដែរ។
 
១២ សូម​អោយ​កូន​ប្រុសៗ​របស់​យើង​ប្រៀប​ដូច​ជា
កូន​ឈើ​ដែល​ដុះ​ឡើង​យ៉ាង​ស្រស់​បំព្រង
សូម​អោយ​កូន​ស្រីៗ​បស់​យើង​មាន​រូប​ឆោម​ស្អាត
ដូច​រូប​ទេពអប្សរ​ដ៏​ល្អ​ប្រណីត។
១៣ សូម​អោយ​ជង្រុក​របស់​យើង​មាន​ពោរពេញ
ទៅ​ដោយ​ភោគផល​សព្វ​បែប​យ៉ាង
សូម​អោយ​ហ្វូង​ចៀម​នៅ​តាម​វាល​ស្មៅ
របស់​យើង​កើន​ចំនួន​ឡើង​រាប់​ពាន់​រាប់​ម៉ឺន។
១៤ សូម​អោយ​ហ្វូង​គោ​របស់​យើង
បាន​កើន​ចំនួន​ជា​ច្រើន​គ្មាន​បាត់
គ្មាន​នរណា​លួច​ចាប់​យក​ទៅ​ឡើយ
ហើយ​សូម​កុំ​អោយ​មាន​សំរែក​ភ័យ​អាសន្ន
នៅ​តាម​ទី​សាធារណៈ​របស់​យើង​ដែរ។
១៥ ប្រជាជាតិ​ណា​មាន​ព្រះពរ​ដូច្នេះ
ប្រជាជាតិ​នោះ​មាន​សុភមង្គល​ហើយ
ប្រជាជាតិ​ណា​គោរព​ព្រះអម្ចាស់
ទុក​ជា​ព្រះ​របស់​ខ្លួន
ប្រជាជាតិ​នោះ​មាន​សុភមង្គល​ហើយ!