៣០
ព្រះអង្គប្រោសទូលបង្គំអោយជា
ទំនុកតម្កើង។ បទសំរាប់ច្រៀងនៅពេលសម្ពោធព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ព្រោះព្រះអង្គបានជួយស្រោចស្រង់ទូលបង្គំ
ព្រះអង្គពុំបានទុកអោយខ្មាំងសត្រូវ
យករឿងទូលបង្គំទៅលេងសើចឡើយ។
២ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!
ទូលបង្គំបានស្រែកអង្វរព្រះអង្គ
ហើយព្រះអង្គប្រោសទូលបង្គំអោយបានជា។
៣ ឱព្រះអម្ចាស់អើយ
ព្រះអង្គបានស្រង់ព្រលឹងទូលបង្គំ
ចេញពីចំណោមមនុស្សស្លាប់
ទូលបង្គំបានធ្លាក់ទៅក្នុងរណ្ដៅមច្ចុរាជ
តែព្រះអង្គប្រោសទូលបង្គំអោយរស់ឡើងវិញ។
៤ អ្នករាល់គ្នាដែលជាប្រជារាស្ត្រ
របស់ព្រះអង្គអើយ
ចូរស្មូត្រទំនុកតម្កើងព្រះអម្ចាស់!
ចូរលើកតម្កើងព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ!
៥ ដ្បិតព្រះអង្គទ្រង់ព្រះពិរោធតែមួយស្របក់
តែព្រះអង្គប្រណីសន្ដោសយើងអស់មួយជីវិត។
ពេលយប់ យើងបង្ហូរទឹកភ្នែក តែព្រលឹមឡើង
យើងនឹងអរសប្បាយវិញ។
៦ នៅពេលទូលបង្គំបានសុខសាន្ត ទូលបង្គំពោលថា
ទូលបង្គំនឹងមិនត្រូវរលំឡើយ!។
៧ ឱព្រះអម្ចាស់អើយ!
ព្រះអង្គបានប្រោសអោយទូលបង្គំរឹងប៉ឹងដូចភ្នំ
តែប្រសិនបើព្រះអង្គមិនគង់ជាមួយទូលបង្គំទេនោះ
ទូលបង្គំនឹងភ័យខ្លាចក្រៃលែង។
៨ ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វរព្រះអង្គ
ទូលបង្គំទទូចអង្វរព្រះអម្ចាស់។
៩ បើព្រះអង្គទុកអោយទូលបង្គំស្លាប់
តើបានប្រយោជន៍អ្វី?
បើព្រះអង្គអោយទូលបង្គំធ្លាក់ទៅ
ក្នុងរណ្ដៅមច្ចុរាជ តើបានប្រយោជន៍អ្វី?
តើមនុស្សស្លាប់អាចសរសើរព្រះអង្គកើតឬ?
តើគេអាចថ្លែងពីព្រះហឫទ័យស្មោះត្រង់
របស់ព្រះអង្គកើតឬ?
១០ ឱព្រះអម្ចាស់អើយ
សូមប្រោសមេត្តាស្ដាប់ពាក្យទូលបង្គំ!
ឱព្រះអម្ចាស់អើយ
សូមយាងមកសង្គ្រោះទូលបង្គំផង!។
១១ ព្រះអង្គបានធ្វើអោយការសោកសង្រេង
របស់ទូលបង្គំប្រែទៅជាអំណរសប្បាយ
ព្រះអង្គបានយកសំលៀកបំពាក់កាន់ទុក្ខចេញ
ហើយប្រទានសំលៀកបំពាក់
សំរាប់ពិធីបុណ្យអោយទូលបង្គំវិញ។
១២ ដូច្នេះ ទូលបង្គំនៅស្ងៀមមិនបានឡើយ
ទូលបង្គំស្មូត្រទំនុកតម្កើង
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ
ទូលបង្គំសរសើរតម្កើងព្រះអង្គរហូតតទៅ។