៣១
ព្រះអម្ចាស់អើយសូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
១ ឱព្រះអម្ចាស់អើយ
ទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គ
សូមកុំអោយទូលបង្គំត្រូវខកចិត្តឡើយ!
ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។
២ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ
សូមមករំដោះទូលបង្គំជាប្រញាប់!
សូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ
ហើយសង្គ្រោះទូលបង្គំផង!។
៣ ដ្បិតព្រះអង្គជាសិលា និង
ជាកំពែងការពារទូលបង្គំ
សូមដឹកដៃនាំផ្លូវទូលបង្គំ
ដោយយល់ដល់ព្រះនាមព្រះអង្គ។
៤ សូមប្រោសអោយទូលបង្គំបានរួចពីអន្ទាក់
ដែលពួកគេដាក់ចាំចាប់ទូលបង្គំ
ដ្បិតព្រះអង្គការពារទូលបង្គំ។
៥ ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ
ទៅក្នុងព្រះហស្ដព្រះអង្គ។
ឱព្រះអម្ចាស់ ជាព្រះដ៏ស្មោះត្រង់អើយ!
ព្រះអង្គបានជួយដោះលែងទូលបង្គំ។
៦ ទូលបង្គំសូមផ្ញើជីវិតលើព្រះអម្ចាស់ហើយ
ទូលបង្គំមិនពេញចិត្តនឹងអស់អ្នក
ដែលគោរពបំរើព្រះក្លែងក្លាយទេ។
៧ ទូលបង្គំត្រេកអរសប្បាយជាខ្លាំង
ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស
ចំពោះទូលបង្គំ
ព្រះអង្គទតឃើញទុក្ខវេទនារបស់ទូលបង្គំ
ព្រះអង្គជ្រាបថាទូលបង្គំមានកង្វល់។
៨ ព្រះអង្គមិនបណ្ដោយអោយទូលបង្គំ
ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ
តែព្រះអង្គប្រទានអោយទូលបង្គំ
មានសេរីភាពងើបឡើងវិញបាន។
៩ ឱព្រះអម្ចាស់អើយ
សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹង
និងរូបកាយទូលបង្គំកាន់តែសោកសង្រេង។
១០ ជីវិតទូលបង្គំកាន់តែអន់ថយទៅ ដោយកើតទុក្ខ
ទូលបង្គំស្រែកថ្ងូរអស់មួយជីវិត
កម្លាំងទូលបង្គំកាន់តែទ្រុឌទ្រោម
ព្រោះតែកំហុសរបស់ទូលបង្គំ
ហើយសូម្បីតែឆ្អឹងរបស់ទូលបង្គំ
ក៏កាន់តែពុកទៅៗដែរ។
១១ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ
ជាពិសេសអ្នកជិតខាង
នាំគ្នាត្មះតិះដៀលទូលបង្គំ
ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំ
ក៏មិនហ៊ានចូលជិតទូលបង្គំដែរ
បើគេឃើញទូលបង្គំនៅតាមផ្លូវ គេនាំគ្នារត់គេច។
១២ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ
ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់
និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។
១៣ ទូលបង្គំបានឮមនុស្សជាច្រើន
ពោលពាក្យមួលបង្កាច់
មនុស្សម្នានៅជុំវិញទូលបង្គំ
បានធ្វើអោយទូលបង្គំភ័យតក់ស្លុត។
គេលើកគ្នាប្រឆាំងនឹងទូលបង្គំ
ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិត
ទូលបង្គំផង។
១៤ ឱព្រះអម្ចាស់អើយ
ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ!
ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ
របស់ទូលបង្គំ។
១៥ អាយុជីវិតរបស់ទូលបង្គំ
ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ
សូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ខ្មាំង
សត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ!
១៦ សូមបែរព្រះភក្ត្រទតមកអ្នកបំរើរបស់ព្រះអង្គ
សូមសង្គ្រោះទូលបង្គំ
ដោយព្រះហឫទ័យ
ដ៏ស្មោះត្រង់របស់ព្រះអង្គ!
១៧ ឱព្រះអម្ចាស់អើយ
ទូលបង្គំអង្វររកព្រះអង្គ!
សូមកុំអោយទូលបង្គំត្រូវអាម៉ាស់ឡើយ
តែអោយពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ
គឺអោយពួកគេបិទមាត់
ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
១៨ សូមអោយមនុស្សដែលតែងតែ
និយាយកុហកក្លាយទៅជាគ
គឺពួកដែលនិយាយយ៉ាងព្រហើន
ប្រឆាំងនឹងមនុស្សសុចរិត
ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។
១៩ ឱព្រះអម្ចាស់អើយ!
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ល្អវិសេសវិសាលណាស់!
ព្រះអង្គបម្រុងទុក
សំរាប់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ
មនុស្សគ្រប់ៗគ្នាដឹងថា ព្រះអង្គប្រោសប្រណីអស់
អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
២០ ព្រះអង្គលាក់គេនៅក្បែរព្រះអង្គ
អោយរួចផុតពីឧបាយកលរបស់មនុស្ស
គឺអោយគេជ្រកនៅក្នុងព្រះពន្លា
ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។
២១ សូមលើកតម្កើងព្រះអម្ចាស់!
ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំ
ព្រះអង្គបានសំដែងព្រះហឫទ័យស្មោះត្រង់
យ៉ាងអស្ចារ្យចំពោះទូលបង្គំ។
២២ ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថា
ព្រះអង្គបានបណ្ដេញទូលបង្គំ
ចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គហើយ
ប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គ
ទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។
២៣ អ្នករាល់គ្នាដែលគោរពបំរើព្រះអម្ចាស់អើយ
ចូរស្រឡាញ់ព្រះអង្គ!
ព្រះអម្ចាស់ថែរក្សាអ្នកជឿ
តែព្រះអង្គធ្វើទោសយ៉ាងតឹងរ៉ឹង
ដល់មនុស្សព្រហើន។
២៤ អស់អ្នកដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់អើយ
ចូរមានកម្លាំង និងចិត្តក្លាហានឡើង!។