៧៩
ឱព្រះអម្ចាស់អើយ សូមយាងមកជួយសង្គ្រោះយើងខ្ញុំផង!
ទំនុករបស់លោកអេសាភ។
១ ឱព្រះជាម្ចាស់អើយ
ប្រជាជាតិនានាបានឈ្លានពាន
ទឹកដីរបស់ព្រះអង្គ
ពួកគេបានធ្វើអោយព្រះវិហារ
ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង
ពួកគេបានកំទេចក្រុងយេរូសាឡឹម។
២ ពួកគេបានបោះសាកសពអ្នកបំរើរបស់ព្រះអង្គ
ទៅអោយត្មាតស៊ី
យកសាកសពអ្នកជឿព្រះអង្គ
ទៅអោយសត្វតិរច្ឆានធ្វើជាចំណី។
៣ ពួកគេបានបង្ហូរឈាមប្រជាជន
នៅជុំវិញក្រុងយេរូសាឡឹមអោយហូរដូចទឹក
ហើយគ្មាននរណាបញ្ចុះសព
ប្រជាជនទាំងនោះទេ។
៤ អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំ
អ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយ
យករឿងយើងខ្ញុំទៅលេងសើច។
៥ ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធ
នឹងយើងខ្ញុំដូច្នេះរហូតដល់កាលណា?
តើព្រះអង្គនៅតែមានព្រះហឫទ័យ
ក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
៦ គួរតែព្រះអង្គជះព្រះពិរោធ
ទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គ
និងនគរនានាដែលមិនគោរពបំរើព្រះនាម
ព្រះអង្គនោះវិញ។
៧ ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្ស
របស់លោកយ៉ាកុប
ព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
៨ សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរស
របស់យើងខ្ញុំបានធ្វើខុសនោះឡើយ
ផ្ទុយទៅវិញសូមប្រញាប់សំដែងព្រះហឫទ័យ
អាណិតអាសូរយើងខ្ញុំផង!
ដ្បិតយើងខ្ញុំកំពុងតែលិចលង់។
៩ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ
សូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់
សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ
សូមរំដោះយើងខ្ញុំ
និងលើកលែងទោសយើងខ្ញុំអោយរួចពីបាប
ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
១០ ហេតុអ្វីបានជាបណ្ដោយអោយប្រជាជាតិនានា
ពោលថា «ព្រះរបស់គេនៅឯណា?»
ព្រះអង្គអើយ សូមអោយប្រជាជាតិ
ទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថា
ព្រះអង្គនឹងដាក់ទោសពួកគេ
ព្រោះគេបានបង្ហូរឈាមអ្នកបំរើរបស់ព្រះអង្គ។
១១ សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស
ហើយដោយព្រះអង្គមានឫទ្ធានុភាព
សូមរំដោះអ្នកដែលមានទោស
ដល់ជីវិតទាំងនោះផង។
១២ ព្រះអម្ចាស់អើយ ប្រជាជាតិជិតខាង
បានធ្វើអោយព្រះអង្គបាត់បង់កិត្តិយស
ដូច្នេះ សូមធ្វើអោយគេបាត់បង់កិត្តិយសវិញ
មួយជាប្រាំពីរ។
១៣ រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ
និងជាហ្វូងចៀមរបស់ព្រះអង្គ
នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ច
យើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គ
អស់កល្បជាអង្វែងតរៀងទៅ។