៨០
ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ!
បទ​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ«ផ្កា​ម្លិះ»។ សក្ខីភាព។ ទំនុកតម្កើង​របស់​លោក​អេសាភ។
១ ឱ​ព្រះជាម្ចាស់​ដែល​ជា​គង្វាល
នៃ​ជន​ជាតិ​អ៊ីស្រាអែល​អើយ
សូម​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​យើង​ខ្ញុំ
ព្រះអង្គ​ដឹក​នាំ​ពូជពង្ស​របស់​លោក​យ៉ូសែប
ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម
ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ
សូម​សំដែង​ព្រះបារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ
២ សូម​សំដែង​ព្រះចេស្ដា​អោយ​កុលសម្ព័ន្ធ
អេប្រាអ៊ីម បេនយ៉ាមីន និង​ម៉ាណាសេ​ឃើញ
សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!
៣ ឱ​ព្រះជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះហឫទ័យ
សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
៤ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
តើ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ
មិន​ស្ដាប់​ពាក្យ​ទូលអង្វរ​របស់​ប្រជារាស្ត្រ​ព្រះអង្គ
ដល់​កាល​ណា​ទៀត?
៥ ព្រះអង្គ​ធ្វើ​អោយ​យើង​ខ្ញុំ​សោក​សង្រេង
ឥត​ស្រាកស្រាន្ត អោយ​យើង​ខ្ញុំ​យំ​ខ្សោះ​ទឹក​ភ្នែក។
៦ ព្រះអង្គ​ធ្វើ​អោយ​ប្រជាជាតិ​ជិត​ខាង​ឈ្លោះ​គ្នា
ដណ្ដើម​យក​ទឹក​ដី​យើង​ខ្ញុំ
ហើយ​ខ្មាំង​សត្រូវ​ចំអក​ឡកឡឺយ​អោយ​យើង​ខ្ញុំ។
៧ ឱ​ព្រះជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ
ព្រះហឫទ័យ​សប្បុរស​ផង
នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!
៨ ព្រះអង្គ​បាន​គាស់​ទំពាំងបាយជូរ​មួយ​ដើម
ពី​ស្រុក​អេស៊ីប​មក
ព្រះអង្គ​បាន​ដេញ​ប្រជាជាតិ​នានា​ចេញ​ពី​ទឹក​ដី
ហើយ​យក​ទំពាំងបាយជូរ​នេះ​មក​ដាំ​ជំនួស។
៩ ព្រះអង្គ​ឆ្ការ​ដី​កន្លែង​នោះ​យ៉ាង​ស្អាត
ដើម​ទំពាំងបាយជូរ​ក៏​ចាក់​ឫស
ហើយ​ដុះ​ពាសពេញ​នៅ​ក្នុង​ស្រុក
១០ ម្លប់​ទំពាំងបាយជូរ​គ្រប​ដណ្ដប់​ទៅ​លើ​ភ្នំ​នានា
ហើយ​មែក​របស់​វា​គ្រប​ពី​លើ​ដើម​តាត្រៅ​ដ៏​ខ្ពស់ៗ។
១១ ដើម​ទំពាំងបាយជូរ​បែក​មែក​រហូត​ទៅ​ដល់​សមុទ្រ
ហើយ​មាន​ពន្លក​លាស់​ចេញ​មក
រហូត​ទៅ​ដល់​ទន្លេ​អឺប្រាត។
១២ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​រំលំ​របង​ចំការ
ទំពាំងបាយជូរ​នេះ
បណ្ដាល​អោយ​អស់​អ្នក​ធ្វើ​ដំណើរ
កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?
១៣ ជ្រូក​ព្រៃ​មក​បំផ្លិចបំផ្លាញ​ចំការ​ទំពាំងបាយជូរ
ហើយ​សត្វ​នានា​នៅ​ទី​វាល​ក៏​នាំ​គ្នា​ស៊ី​ដើម
ទំពាំងបាយជូរ​នេះ​ដែរ។
១៤ ឱ​ព្រះជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
សូម​យាង​មក​វិញ!
សូម​ទត​មើល​ពី​ស្ថាន​បរមសុខ​មក!
សូម​យាង​មក​ជួយ​ចំការ​ទំពាំងបាយជូរ​នេះ​ផង!
១៥ សូម​ការពារ​ចំការ​ទំពាំងបាយជូរ
ដែល​ព្រះអង្គ​បាន​ដាំ ដោយ​ព្រះអង្គ​ផ្ទាល់
គឺ​បុត្រ​ដែល​ព្រះអង្គ​បាន​ពង្រឹង​អោយ​មាំមួន​ឡើង!
១៦ សូម​អោយ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ
និង​កាប់​ឆ្ការ​ចំការ​ទំពាំងបាយជូរ​នេះ
ត្រូវ​វិនាស​សូន្យ​ទៅ
នៅ​ពេល​ព្រះអង្គ​គំរាម​កំហែង​ពួក​គេ។
១៧ សូម​ដាក់​ព្រះហស្ដ​លើ​មនុស្ស
ដែល​ស្ថិត​នៅ​ខាង​ស្ដាំ​ព្រះអង្គ
គឺ​លើ​បុត្រ​មនុស្ស​ដែល​ព្រះអង្គ​បាន​ពង្រឹង
អោយ​មាំមួន​ឡើង។
១៨ យើង​ខ្ញុំ​នឹង​មិន​បែក​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទៀត​ឡើយ
សូម​ប្រោស​ប្រទាន​អោយ​យើង​ខ្ញុំ
រស់​រាន​មាន​ជីវិត​ឡើង​វិញ​ផង
នោះ​យើង​ខ្ញុំ​គោរព​បំរើ​ព្រះនាម​របស់​ព្រះអង្គ។
១៩ ឱ​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ
សូម​នាំ​យើង​ខ្ញុំ​មក​វិញ
សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះហឫទ័យ
សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!