៣
១ ពេលយប់នៅលើគ្រែ
ខ្ញុំស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ
ខ្ញុំស្វែងរកគាត់ តែរកពុំឃើញទេ។
២ ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង
ដើម្បីស្វែងរកម្ចាស់ចិត្តរបស់ខ្ញុំ
នៅតាមផ្លូវ នៅតាមផ្សារ
ខ្ញុំស្វែងរកគាត់ តែរកពុំឃើញឡើយ។
៣ ខ្ញុំបានជួបនឹងពួកអ្នកយាមល្បាតទីក្រុង
ខ្ញុំសួរថា «តើអ្នករាល់គ្នាបានឃើញ
ម្ចាស់ចិត្តរបស់ខ្ញុំទេ?»
៤ ខ្ញុំដើរហួសពួកអ្នកយាមល្បាតបន្តិចទៅ
ខ្ញុំក៏បានជួបម្ចាស់ចិត្តរបស់ខ្ញុំ។
ខ្ញុំឱបគាត់ជាប់ ឥតដកដៃឡើយ
ខ្ញុំនាំគាត់ចូលទៅក្នុងផ្ទះរបស់ម្ដាយខ្ញុំ
ចូលទៅក្នុងបន្ទប់របស់ម្ដាយ
ដែលបានបង្កើតខ្ញុំមក។
៥ ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ
ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់
និងសត្វប្រើស ធ្វើជាសាក្សីថា
មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប
កុំដាស់សេចក្ដីស្រឡាញ់ឡើយ។
៦ តើនរណាឡើងពីវាលរហោស្ថាន
ដូចកំសួលផ្សែង ដូចពពកដែលមានក្លិនទេព្វិរូ
គ្រឿងក្រអូប និងម្សៅក្រអូបរបស់អ្នកជំនួញ?
៧ នេះជាគ្រែស្នែងរបស់ព្រះបាទសាឡូម៉ូន
ដែលហែហមដោយទាហានដ៏អង់អាច
ចំនួនហុកសិបនាក់
គឺជាទាហានដ៏អង់អាចជាងគេ
នៃកងទ័ពអ៊ីស្រាអែល។
៨ អ្នកទាំងនោះប្រដាប់អាវុធ
រៀបចំខ្លួនធ្វើសឹកសង្គ្រាម។
ម្នាក់ៗស្ពាយដាវ ត្រៀមខ្លួនតទល់នឹង
ភាពអាសន្ន នៅពេលយប់។
៩ ព្រះបាទសាឡូម៉ូនបានធ្វើគ្រែស្នែងមួយ
ពីឈើស្រុកលីបង់។
១០ ស្ដេចបានធ្វើបង្គោលពីប្រាក់ បង្អែកពីមាស
រីឯខ្នើយធ្វើពីក្រណាត់ពណ៌ក្រហមទុំ។
ផ្នែកខាងក្នុងលំអ ដោយក្រណាត់ប៉ាក់
ជាស្នាដៃរបស់ស្ត្រីៗក្រុងយេរូសាឡឹម
ដែលបំពេញកិច្ចការនេះដោយចិត្តស្រឡាញ់។
១១ ស្ត្រីនៅក្រុងស៊ីយ៉ូនអើយ
ចូរនាំគ្នាចេញមកមើលព្រះបាទសាឡូម៉ូន
ស្ដេចពាក់មកុដដែលមាតាបានបំពាក់ថ្វាយ
នៅថ្ងៃស្ដេចរៀបអភិសេក
ជាថ្ងៃដែលស្ដេចមានព្រះហឫទ័យរីករាយ។