១ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
នៅ​ពី​ក្រោយ​ស្បៃ
កែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវចរណៃ
សក់​របស់​អូន​មាន​ពណ៌​ខ្មៅ
ដូច​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅ​ស្រុក​កាឡាត។
២ ធ្មេញ​របស់​អូន​មាន​ពណ៌​ស
ដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោម
ហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
វា​សុទ្ធ​តែ​មាន​គូ​របស់​វា
ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
៣ បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង
ខ្សែ​បូ​ពណ៌​ក្រហម
មាត់​របស់​អូន​ស្អាត​ណាស់
នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន
ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។​
៤ ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្ដេច​ដាវីឌ
ដែល​មាន​រាង​មូល ហើយ​រលោង
មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ
គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់អាច។
៥ សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ
របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។
៦ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ
និង​ភ្នំ​គ្រឿង​ក្រអូប
អោយ​បាន​មុន​ជំនោរ​ពេល​ល្ងាច
ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
៧ ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
អូន​ល្អ​ឥត​ខ្ចោះ។
៨ សម្លាញ់​ចិត្ត​បង​អើយ
ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង!
ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង!
ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ាណា
កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរម៉ូន។
ចូរ​ចាក​ចេញ​ពី​លំនៅ​របស់​សិង្ហ
និង​ពី​ភ្នំ​ដែល​ជា​លំនៅ​របស់​ខ្លារខិន​នេះ​ទៅ។
៩ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
អូន​បាន​ធ្វើ​អោយ​បេះដូង​បង​ញាប់ញ័រ
ដោយសារ​កែវ​ភ្នែក​របស់​អូន
និង​ដោយសារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន
អូន​បាន​ធ្វើ​អោយ​បេះដូង​បង​ញាប់ញ័រ។
១០ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់ភ្លន់​ណាស់
សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង
ស្រា​ទំពាំងបាយជូរ
ហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប
ទាំង​ប៉ុន្មាន​ទៅ​ទៀត។
១១ សម្លាញ់​ចិត្ត​បង​អើយ
បបូរ​មាត់​អូន​មាន​រសជាតិ​ផ្អែម
ដូច​ទឹក​ដម​របស់​ផ្កា
នៅ​ក្រោម​អណ្ដាត​របស់​អូន
ក៏​មាន​រសជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ
ហើយ​សម្លៀកបំពាក់​របស់​អូន​មាន​ក្លិន​ក្រអូប
ដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។
១២ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង
អូន​ជា​អណ្ដូង​ទឹក​របស់​បង
និង​ជា​ប្រភព​ទឹក​របស់​បង។
១៣ ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់
ចំការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។
ចំការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ
១៤ ដើម​ទេព្វិរូ និង​រមៀត
ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង
ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សំរាប់​ធ្វើ​គ្រឿង​ក្រអូប
ជ័រ​ល្វីងទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស
គ្រប់​យ៉ាង។
១៥ អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន
អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់
និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។
១៦ ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង
ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក
ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ
ដើម្បី​អោយ​សាយ​ក្លិន​ក្រអូប!
សូម​ម្ចាស់​ចិត្ត​របស់​អូន
ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង
ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!